(កោះកុង)៖ វិទ្យាស្ថានពហុបច្ចេកទេស និងវិជ្ជាជីវៈខេត្តកោះកុង បានប្រារព្វទិវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVETផ្តល់ជំនាញ និងការងារសមរម្យ» ដល់សិស្សនិស្សិត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង និងមានការចូលរួមពីមន្ត្រីរាជការគ្រប់អង្គភាពលោកគ្រូអ្នកគ្រូ រួមទាំងស្ថាប័នឯកជនផងដែរ។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានថ្លែងថា ទិវាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TEVTផ្ដល់ជំនាញ និងការងារសមរម្យ» នាពេលនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងជំរុញឲ្យមានការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។
អ្នកអង្គម្ចាស់បណ្ឌិតបានបន្ថែមថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបានចំនួន៦លើកមកហើយ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនៃវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈទូទាំងប្រទេស បង្ហាញពីស្នាដៃបច្ចេកទេសនៅវិជ្ជាជីវៈ ការយល់ដឹង និងព័ត៌មានតាមភូមិឃុំស្រុកខេត្ត និងសហគមន៍ បង្កើនការចូលសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឲ្យកាន់តែច្រើន និងផ្ដល់លទ្ធភាពចំពោះប្រជាពលរដ្ឋគ្រប់រូបបានមកសិក្សាជំនាញឲ្យបានគ្រប់គ្នា ដើម្បីបង្កើនធនធានមនុស្សឲ្យមានការយល់ដឹងកាន់ខ្ពស់ លើកស្ទួយ និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
អ្នកអង្គម្ចាស់បណ្ឌិតបានបន្តថា វិទ្យាស្ថានបានព្យាយាមទំនាក់ទំនងការគាំទ្រពីអង្គការ សមាគម ក្រុមហ៊ុនសហគ្រាសជាតិ និងអន្តរជាតិ ព្រមទាំងទំនាក់ទំនងគម្រោងផ្សេងៗ ដើម្បីបានជាសមិទ្ធផលក្នុងខេត្តកោះកុង ធ្វើការរៀបចំកម្មវិធីសិក្សាបន្ថែម តាមសម័យទំនើប និងមានគុណភាព ពង្រឹងនិងពង្រីកការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានសក្តានុពលកាន់តែខ្លាំងក្លា និងបន្តការខិតខំពង្រីកសមត្ថភាពបន្ថែមទៀតសម្រាប់ការទទួលISOពីចក្រភពអង់គ្លេសបន្តនៅឆ្នាំ២០២៥ ដែលវិទ្យាស្ថានទទួលបាននាពេលកន្លងមក យកចិត្តទុកដាក់អភិវឌ្ឍន៍គម្រោងSFEមនុស្សភ្នែកម៉ាស៊ីន និងការសាងសង់អគារកម្ពស់ ៦ ជាន់បន្ថែមទៀត។
អ្នកអង្គម្ចាស់បណ្ឌិតបានបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) បានប្រតិបត្តិការរយៈពេល១២ ឆ្នាំ ចាប់ពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៣ ដោយមានការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើជំនាញរដ្ឋបាលសាធារណៈ គណនេយ្យ និងអក្សរសាស្ត្រអង់គ្លេស បានសរុបចំនួន ៤១២ នាក់ ស្រី ២៣០នាក់។
ចំណែកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB) ដែលបានប្រតិបត្តិការ រយៈពេលមួយឆ្នាំ បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញរដ្ឋបាលសាធារណៈ ធនាគារនិង ហិរញ្ញវត្ថុ បានសរុបចំនួន ៤០ នាក់ស្រី ១៥នាក់។
លោកស្រី មិថុនា ភូថង អភិបាលខេត្តបានថ្លែងអរគុណសន្តិភាព បើប្រទេសគ្មានសន្តិភាពទេប្អូនៗ ក្មួយៗ ជាសិស្សនិស្សិតក៏ពុំមានឈ្មោះជានិស្សិតដែរ ហើយគ្មានធនធានមនុស្សក្នុងសម័យជីឌីថលបច្ចេសទេសទំនើបនេះដែរ ដូច្នេះសន្តិភាពនេះហើយ ដែលធ្វើឲ្យប្អូនៗ ក្មួយៗ ក្លាយជានិស្សិតមានធនធានមនុស្សក្នុងសម័យជីឌីថលដ៍ទំនើបក្នុងរជ្ជកាលនេះ។
លោកស្រីបន្តថា «ដូច្នេះប្អូនជានិស្សិតត្រូវខិតខំសិក្សាក្រេបចំណេះវិជ្ជាស្តាប់ការអប់រំពីលោកគ្រូអ្នកគ្រូជាសាស្រ្តាចារ្យ និងស្វែងរកគន្លឹះល្អៗ មកសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានកម្រិតការយល់ដឹងរបស់ប្អូនៗកាន់តែខ្ពស់ ហើយអាចអនុវត្តន៍បានច្បាស់លាស់។
លោកស្រីបានមានមតិផ្តាំផ្ញើដល់និស្សិតទាំងអស់យើងរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពមិនមែនបានមកដោយស្រួលៗនោះទេ គឺសន្តិភាពបានមកពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីចំណុចសូន្យរហូតដល់ប្រទេសជាតិជាតិមានអ្វីៗគ្រប់បែបយ៉ាងមានការអភិវឌ្ឍន៍គ្រប់វិស័យ មានសេរីភាពជីវភាពប្រជាពលមានធូរធារ ហើយធ្វើឲ្យមានភាពល្បីល្បាយនៅឆាកអន្តរជាតិទៀតផង៕