(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ រដ្ឋាភិបាលចិន បានផ្តល់ជំនួយ ២លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងចំនួន៩នៅកម្ពុជា។ ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងក្នុងពិធីចុះហត្ថលេខានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ៦ឆ្នាំកន្លងមក គម្រោងប្រមាណជិត ៩០ របស់ប្រទេសកម្ពុជា ទទួលបានការគាំទ្រជាហិរញ្ញវត្ថុពីមូលនិធិពិសេសខាងលើ។ ជោគជ័យនៃគម្រោងទាំងនោះ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃភាពជាអ្នកជិតខាងល្អ មិត្តភាព សមភាព និងការគោរពគ្នាទៅវិញទៅមក។ គោលការណ៍ទាំងនេះនឹងបន្តជាមូលដ្ឋានដ៏សំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគតរបស់ប្រទេសជាសមាជិក។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភជាបន្តបន្ទាប់ ដល់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតដែលជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

បើតាមលោកឧបនាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានគម្រោង​ចំនួន ០៩ ដែលមានទឹកប្រាក់សរុបប្រមាណជិតពីរ​លានដុល្លារអាមេរិក។ ទោះបីគម្រោងទាំងនេះមានទំហំតូចជាងគម្រោងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ប៉ុន្តែគម្រោងទាំងនេះគឺជាសក្ខីភាពនៃការ ប្តេជ្ញាចិត្តឥតងាករេរបស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការអភិវឌ្បនៅក្នុងអនុតំបន់ទន្លេមេគង្គ។ ដោយផ្តល់អាទិភាពលើការពិគ្រោះយោបល់ប្រកបដោយបរិយាបន្ន ការអនុវត្តជាក់ស្តែង និងការបំពេញបន្ថែមក្នុងវិស័យសេដ្ឋកិច្ចសង្គម យើងនឹងជំរុញជាអតិបរមានូវការរួមចំណែកទាំងនេះ និងប្រែក្លាយការរួមចំណែកទាំងនេះ ឱ្យក្លាយជាកាតាលីករ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរឡើងពីវិស័យរបស់គម្រោងខាងលើ រួមមាន ការដឹកជញ្ជូននិងប្រព័ន្ធឡូជីស្ទីក ព័ត៌មានវិទ្យា បេតិកភណ្ឌវប្បធម៌ សន្តិសុខស្បៀង និងការកសាងសមត្ថភាព។ល។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងក្រុមការងារ ព្រមទាំងភ្នាក់ងារ/ស្ថាប័នជាតិ ដែលជាអ្នកអនុវត្តគម្រោងទាំងអស់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ​ជាមួយលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការអនុវត្តគម្រោងទាំងនេះ។

ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិតនិងទិដ្ឋភាព ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង៕