(សៀមរាប)៖ ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប លោក ច័ន្ទ សុខុមចិត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងលោក លោកស្រី គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិតជាច្រើនចូលរួមផងដែរ។
បន្ទាប់ពីលោក ច័ន្ទ សុខុមចិត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជា្ជជីវៈ លើកទី៦រួចមក លោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សា ២០២២-២៣នេះ វិទ្យាស្ថានកំពុងបណ្តុះបណ្តាលជូនដល់សិស្ស-និស្សិត ចំនួន១០០៦ នាក់ ក្នុងនោះដែរ មានស្រី ១៦៣នាក់ ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ដល់កម្រិត បរិញ្ញាបត្រ (វិស្វករ) លើជំនាញក្នុងវិស័យអាទិភាពដូចជា សំណង់ អគ្គិសនី អេឡិចត្រូនិក បរិក្ខាត្រជាក់ ព័ត៌មានវិទ្យា មេកានិចរថយន្តជាដើម។ វិទ្យាស្ថានបាននឹងកំពុងអនុវត្តន៍គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ដែលផ្តល់ការបណ្ដុះបណ្តាលដល់យុវជន យុវនារី ផ្តោតលើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) រួមជាមួយគ្រឹះស្ថាន ៤ផ្សេងទៀត ដែលស្ថិតក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដូចគ្នាមាន ៣គ្រឹះស្ថាន៖ TVET PARK ភ្នំពេញ, វិទ្យាស្ថានបច្ចេក វិទ្យាបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ព្រមទាំង១គ្រឹះស្ថានដែលស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា គឺវិទ្យាស្ថានបច្ចេកទេសកម្ពុជា (ITC/តិចណូ)។
លោកបន្តថា គម្រោងបានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ រួមមាន៖ អគារបណ្តុះបណ្តាលចំនួន ២អគារ មាន៤០បន្ទប់ អគាររោងជាងចំនួន ១អគារ និងអគារអន្តេវាសិកដ្ឋានសម្រាប់សិស្ស ប្រុសចំនួន ១អគារ រួមទាំងបំពាក់នូវឧបករណ៍ សម្ភារៈ បរិក្ខារសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស លើ៣ជំនាញ សំណង់ អគ្គិសនី និងអេឡិចត្រូនិក។ លើសពីនេះទៀត គម្រោងក៏បានផ្តល់នូវ ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៦០ដុល្លារ ដល់និស្សិតរៀនឆ្នាំទី១ ចំនួន៣០% នៃចំនួននិស្សិតឆ្នាំទី១សរុប ដោយការជ្រើសរើសផ្អែកលើលទ្ធផលសិក្សាពីមុនរបស់ពួកគេ និងផ្ដល់ជូនប្រាក់ឧបត្ថម្ភដូចគ្នាជូនដល់ និស្សិតឆ្នាំទី២ ចំនួន៤០% នៃចំនួននិស្សិតសរុប ដោយផ្អែកលើលទ្ធផលសិក្សាពីឆ្នាំទី១។ គម្រោងបានអនុវត្តន៍នូវកម្មវិធីសិក្សាថ្មី លើមុខរបរជំនាញ សំណង់ អគ្គិសនី អេឡិចត្រូនិក និងកម្មន្តសាល ដែលរៀបចំដោយវិទ្យាស្ថាន ITE របស់ប្រទេសសិង្ហបុរី។
លោកបន្តទៀតថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២៤ ខាងមុខនេះ ក្នុងក្របខណ្ឌគម្រោង S4C វិទ្យាស្ថានត្រូវការជ្រើសរើសនិស្សិតចូលរៀនកម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេសចំនួន៧០០នាក់ លើ៣ជំនាញ សំណង់ អគ្គិសនី និងអេឡិចត្រូនិក ដើម្បីគាំទ្រតម្រូវការ កម្លាំងជំនាញលើទីផ្សារការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងផ្គត់ផ្គង់កម្លាំងជំនាញដល់ក្រុមហ៊ុនវិនិយោគផងដែរ។
លោកស្រី ម៉ននី រង្សី ក៏អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ សូមចូលរួមបន្តថែរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជាដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍលើគ្រប់
វិស័យជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ដោយផ្តោតលើគោលបំណង៖ ដើម្បីពង្រឹងគុណភាពអប់រំបណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស និងបង្កើនលទ្ធភាពទទួល បានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ។ លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងលើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ជាមួយនេះដែរ លោកស្រីបញ្ជាក់ថា ត្រូវធ្វើការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រង មន្ត្រីជំនាញ និងគ្រូបច្ចេកទេស ព្រមទាំងការបង្កើន បរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយ៉េនឌ័រ។ សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមក ចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕