(រតនគិរី)៖ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញនិងការងារសមរម្យ»។ ទិវានេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិតីភាពលោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
លោក ឌុច ចាន់តូ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជនទាំងអស់ដែលបានសហការ ខិតខំរៀបចំ និងចូលរួមអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ដែលសកម្មភាពនេះបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងជិតស្និទ្ធិរបស់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធនានា មកលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យមានការអភិវឌ្ឍន៍បន្ថែមទៀត។
លោកអភិបាលរងខេត្តបន្តថា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស និងដើម្បីធានាថា ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត។
រដ្ឋបាលខេត្ត តាមរយៈមន្ទីរការងារ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដែលជាសេនាធិការឲ្យខេត្ត និងក្រសួង និងដៃគូពាក់ព័ន្ធ បាននឹងកំពុងជំរុញញការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗជាច្រើន ជាពិសេសការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ជាដើម។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាមជ្ឈមណ្ឌល កំពុងតែខិតខំសម្រេចឲ្យបាននូវសមិទ្ធផលជាច្រើនតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ បើទោះបីជាយើងទើបតែបានឆ្លងផុតពីបញ្ហាប្រឈមនៃវិបត្តិជំងឺកូវីដ១៩ កន្លងមកក៏ដោយ ក៏ក្រសួងនៅតែបន្តការជំរុញ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ” ជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង។
លោក ឌុច ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ មជ្ឈមណ្ឌល ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដែល បានចូលរួមយ៉ាងសកម្មក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ប្រកបដោយជោគជ័យ ហើយសង្ឃឹមថាគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់នឹងចូលរួមសហការ គាំទ្រទាំងធនធានថវិកា និង ធនធានបច្ចេកទេសដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យទទួលបានជាផ្លែផ្កា និងជោគជ័យបន្តទៀត។
នៅក្នុងឱកាសនេះលោក ឌុច ចាន់តូ បានអញ្ជើញទស្សនាការតាំងបង្ហាញនូវគ្រឿងអេឡិចត្រូនិច ស្រាក្រឡុកជាដើមស្នាដៃរបស់សិស្ស និស្សិតនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីផងដែរ៕