(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបំពាក់មេដាយការពារជាតិជូនបងប្អូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន១០៩នាក់ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅស្រុកគូលែននាពេលនេះ។

នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងទៀតថា ការបំពាក់មេដាយជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅស្រកសង្គមថ្មីនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជនកម្ពុជា របស់យើង គិតគូរដល់ជីវភាព រស់នៅ ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។

លោកបញ្ជាក់បន្ថែមទៀតថា សម័យអតីតរដ្ឋកម្ពុជា គឺបានរៀបចំសមាគមអតីតយុទ្ធជនម្តងហើយ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មិនទាន់រៀបចំឡើងវិញទេ រហូតឆ្នាំ២០០៧ ទើបរាជរដ្ឋាភិបាលមានការរៀបចំឡើងវិញ។

នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងយ៉ាងដូច្នេះថា សមាគមអតីតយុទ្ធជនកម្ពុជា ជាសមាគមចំណុះឱ្យរាជរដ្ឋាភិបាល មិនមែនសមាគមក្រៅរដ្ឋាភិបាលទេ ព្រោះសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ជាប្រធាន ដោយឡែក ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាអនុប្រធាន និងជាសមាជិក។

សមាគមអតីតយុទ្ធជនកម្ពុជា បានគិតដល់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ហើយមូលហេតុដែលបង្កើតសមាគមអតីតយុទ្ធជននេះឡើង គឺសង្គ្រាមបានបន្សល់ទុកនៅអ្នកពលី និងជនពិការជាច្រើន គិតទាំងកងយោធពល ខេមរភូមិន្ទ និងកងនគរបាលជាតិ ពិសេសដឹងគុណចំពោះអ្នកដែលបានបូជាជីវិត ក៏ដូចជាការគ្រប់គ្រងជារចនាសម្ព័ន្ធក្រោយយើងបញ្ចប់នូភារកិច្ចបម្រើជាតិ។

នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងអំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅស្រុកសង្គមថ្មី ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ត្រូវបន្តគាំទ្រកម្មវិធីនយោបាយ នានារបស់រាជរដ្ឋាភិបាល ចូលរួមការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕