(ត្បូងឃ្មុំ)៖ ក្រោយមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបង្រួមបង្រួមជាតិ ផ្សះផ្សាជាតិនាំមកនូវស្ថិរភាពនយោបាយ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀនដ៏សកម្ម ចំនួន៣៦នាក់ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានសម្រេចដោះអាវ និងមួកគណបក្សភ្លើងទៀនចេញ ដោយនាំគ្នាងាកមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ពួកគាត់បានបញ្ជាក់ថា «ការសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំ ឬគម្រាមកំហែងណាមួយនោះទេ។ គណបក្សប្រជាជនកម្ពុជា មានគោលដៅបម្រើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឱ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វ ហេតុជាតិ និងមាតុភូមិរបស់ខ្លួន»។
សូមបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយមានថ្នាក់ដឹកនាំបក្សភ្លើងទៀនជាច្រើនរូប រួមទាំងអ្នកគាំទ្រយ៉ាងច្រើនផុសផុស កំពុងនាំសម្រុកចាកចេញពីបក្សភ្លើងទៀន ហើយទៅរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។ ការចាកចេញរបស់ពួកគេក្រោមហេតុផលអស់ជំនឿលើការដឹកនាំរបស់បក្សភ្លើងទៀន និងក្រោមហេតុផលថា ពុករលួយ និងបក្ខពួកនិយម មិនផ្តល់តម្លៃសម្រាប់អ្នកតស៊ូក្នុងបក្សជាដើម៕