(កំពង់ធំ)៖ ពីខេត្តបាត់ដំបងកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញផែនការចុះជួបមន្រ្តីរាជការ និងប្រជាពលរដ្ឋដោយផ្ទាល់នៅទូទាំង ២៥រាជធានី-ខេត្ត ដើម្បីបានដឹងកាន់តែច្បាស់ថែមទៀតពីទុក្ខកង្វល់របស់មន្រ្តី និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។
បន្ទាប់ពីខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសំណេះសំណាលមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន តាមបទសម្ភាសន៍ដោយផ្ទាល់ជាមួយអង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា ដំណើរចុះតាមបណ្តាខេត្តរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់បណ្តាខេត្តនានា ក៏ដូចជាខេត្តកំពង់ធំ គឺបានបង្ហាញឲ្យឃើញថា សម្តេចតេជោ គឺជាប្រមុខដឹកនាំ ដែលតែងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជា។
លោកអភិបាលខេត្ត បន្តថា អ្វីដែលសម្តេចធ្វើនេះ គឺបានធ្វើតាំងពីសម្តេចបានឡើងដឹកនាំប្រទេស ក្រោយផ្តួលរំលំរបបប៉ុលពតមកម្ល៉េះ។ លោកអភិបាលខេត្ត បានឲ្យដឹងថា មានមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក្រោយទទួលដំណឹងសម្តេចតេជោ ចូលលេងនៅក្នុងខេត្តរបស់ខ្លួន បានសម្តែងក្តីសប្បាយរីករាយ និងរង់ចាំទទួលដំណើររបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។
លោក អ៊ុត សំអន បានថ្លែងផងដែរថា ដំណើរចុះជួបដោយផ្ទាល់របស់សម្តេច នឹងជួយដោះស្រាយបញ្ហាសាំញ៉ាំមួយចំនួននៅក្នុងខេត្ត ហើយនឹងជំរុញលើកទឹកចិត្តឲ្យមន្រ្តីកាន់តែខិតខំប្រឹងប្រែងធ្វើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមណ្ឌលចម្រោះទឹកស្អាតក្នុងខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែកក្កដា បានថ្លែងថា ការមានមន្រ្តីល្អ គឺជាសំណាងរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយសម្តេចក៏ចង់បានមន្រ្តីល្អ ដើម្បីសម្រាលបន្ទុកការងារ និងផលលំបាកមួយចំនួនផងដែរ។ ឆ្លើយតបសំណើនេះ លោក អ៊ុត សំអន បានប្តេជ្ញាខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីសម្រាលទុក្ខលំបាករបស់សម្តេចតេជោ ក៏ដូចជាក្លាយខ្លួនជាមន្រ្តី ដែលប្រជាពលរដ្ឋស្រឡាញ់ និងចង់បាន។
ខាងក្រោមនេះ គឺជាបទសម្ភាសន៍រវាងលោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ជាមួយអភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ មុនដំណើរចុះទៅដល់របស់សម្តេចតេជោ ហ៊ុន សែន៖