(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានកំណត់ជាថ្ងៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកំពស់ការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ដោយធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតាអាណាព្យាបាល កម្មករនិយោជិក និយោជក់ និងផ្នែកឯកជននានា ព្រមទាំងសាធារណៈជនឱ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ដែលបានហៅកាត់ ថា ធីវេទ (TVET) ក្នុងការជំរុញអភិវឌ្ឍន៍ធនធានអ្នកជំនាញបច្ចេកទេស ឱ្យសម្បូរបែបប្រកបដោយគុណភាព និងប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។ នេះតាមការលើកឡើងលោក ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោកអភិបាលរង បានឲ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានប្រារព្ធធ្វើកន្លងទៅចំនួនប្រាំលើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៨ រៀងមក។ ឆ្នាំនេះគឺជាការរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្រោមប្រធានបទ "TVET ផ្ដល់ជំនាញ និងការងារសមរម្យ- ឱ្យស្របតាមបរិបទ នៃសង្គម បច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែប្រសើរឡើង ដោយឈរលើទស្សនៈយុវជនម្នាក់មាន ជំនាញបច្ចេកទេសមួយយ៉ាងតិចប្រចាំជីវិត។

លោក កែម ថាក់នី នាយកវិទ្យាស្ថានបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ដោយមានអនុក្រិត្យលេខៈ ១៩ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។
បច្ចុប្បន្នវិទ្យាស្ថានមានអគារសិក្សាថ្មីដែលអាចធ្វើការ​បណ្តុះបណ្តាលដល់សិស្សនិស្សិតបានរាប់ ពាន់នាក់ក្នុងមួយឆ្នាំៗ និងកំពុងសាងសង់អគារស្នាក់នៅ១ខ្នងមានកម្ពស់៣ជាន់ដែលជាការជួយជ្រោមជ្រែងសាសង់ របស់ថ្នាក់ដឹកនាំខេត្តផ្ទាល់។

វិទ្យាស្ថានបច្ចុប្បន្នមានមន្ត្រីរាជការចំនួន៧៩នាក់ ស្រី២១នាក់ និងសិស្ស សិក្ខាកាម និស្សិត មានចំនួន ៩០២នាក់ ស្រីចំនួន៤៥៦នាក់ ចែកជាវគ្គខ្លី៤០០នាក់ ស្រី២៨៥នាក់ និងវគ្គវែងចំនួន៥០២នាក់ ស្រី២៨៥នាក់។

ដោយឡែកវគ្គវែងមានជំនាញបច្ចេកទេស៤វិស័យធំៗដូចជា៖ វិស័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម, វិស័យអគ្គិសនី និងអេឡិចត្រូនិច, វិស័យមេកានិក និងយន្តសាស្ត្ររថយន្ត និងវិស័យព័ត៌មានវិទ្យា និងធុរកិច្ច ដែលអ្នកសិក្សាអាចសិក្សាបានរហូតទៅដល់៦កម្រិតជាបន្តបន្ទាប់ ទៅតាមចំណងចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួនលើកម្រិត សញ្ញាបត្រនីមួយៗដូចខាងក្រោម៖

*កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេលក្រោម១ឆ្នាំ)
*កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (១ឆ្នាំ)
*កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ (១ឆ្នាំ)
*កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (១ឆ្នាំ)
*កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (២ឆ្នាំ)
*កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា (៤ឆ្នាំ)។ បច្ចុប្បន្ននេះ វិទ្យាស្ថានកំពុងបណ្ដុះបណ្ដាលធនធានមនុស្សជំនាញបច្ចេកទេសឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ ទាំងបរិមាណ និងគុណភាព ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិទៅតាមផែនការយុទ្ធ សាស្រ្តរបស់រាជរដ្ឋាភិបាល។

ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» មានការអញ្ជើញចីលរួមពីអាជ្ញាធរឃុំ  អាជ្ញាធរស្រុក អាជ្ញាធរក្រុងច្បារមន មាតាបិតា អាណាព្យាបាលសិស្ស ដៃគូរក្រុមហ៊ុនឯកជន សរុបចំនួន២,៤០៦នាក់ ហើយ វិទ្យាស្ថានក៏បានរៀបចំតាំងបង្ហាញស្នាដៃសិស្ស និស្សិតចំនួន៣៣មុខផងដែរ៕