(ភ្នំពេញ)៖ បន្ទាប់ពីវិទ្យុបារាំងអន្តរជាតិ (RFI) ចេញផ្សាយរឿង «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់» នោះនៅព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជះកំហឹងយ៉ាងខ្លាំងដាក់វិទ្យុបារាំងអន្តរជាតិថា មិនបានស្តាប់ពាក្យសម្តីដើម និងផ្សាយព័ត៌មានខុស ប៉ុន្តែត្រូវបាននាយកគ្រប់គ្រងវិទ្យុបារាំងមួយនេះច្រាលចោលភ្លាមៗថា «មិនបាច់បង្រៀនឲ្យចេះធ្វើកាសែតទេ»។
លោក សម រង្ស៊ី និយាយនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «វិទ្យុបារាំងអន្តរជាតិ (RFI) មិនបានស្តាប់ពាក្យសម្តីដើម និង ពាក្យសម្តីពិតរបស់ខ្ញុំទេ ហើយនិយាយខុសតាមគេ។ បើ RFI នេះមានស្មារតីវិជ្ជាជីវៈខ្ពស់មែន គួរណាស់ ពេលនេះចូលមើលវីដេអូ ដែលសភាអឺរ៉ុបបានថតជាផ្លូវការ នូវសុន្ទរកថារបស់ខ្ញុំ ថ្ងៃទី១៣ ខែកក្កដា ២០១៦ ហើយធ្វើការកែតម្រូវជាបន្ទាន់។ មិនគួរនិយាយខុសតាមគេ ហើយចាញ់បោកការឃោសនារបស់រដ្ឋាភិបាល ដែលអាងថា ប្រជារាស្ត្រខ្មែរភាគច្រើន មិនចេះស្តាប់ភាសាបារាំង។ ស្តាយណាស់ ដោយកត់សម្គាល់ថា សូម្បីតែ RFI នេះ ដែលមានជំនាញខាងភាសាបារាំង ក៏បណ្តោយឲ្យគេយកពាក្យសម្តីខ្ញុំ ជាភាសាបារាំង ទៅក្រឡៃតាមចិត្ត»។
ភ្លាមៗបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះប្រតិកម្មជះកំហឹងយ៉ាងខ្លាំងដាក់វិទ្យុបារាំង RFI, លោក Jean-François Tain នាយកគ្រប់គ្រងវិទ្យុបារាំងជាភាសាខ្មែរ បានចូល Comment ឆ្លើយតបទៅលើលោក សម រង្សី វិញថា៖
ជំរាបលោក សម រង្ស៊ី,
វាមិនមែនជាទម្លាប់របស់ខ្ញុំទេ ដែលចូលទៅឆ្លើយលើទំព័រ Facebook តែនៅពេលនេះមិនអាច នឹងមិនមានចម្លើយពីខ្ញុំបានឡើយ៖
ទី១៖ លោកដូចជាមានមោទនភាព ដែលបានយកព័ត៌មានពីវិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១៧ ខែកក្កដា (លោកសមរង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយលក្ខខណ្ឌ) ទៅផ្សាយនៅលើទំព័រ Facebook របស់លោកមុនសង្គ្រាមស្លាបប៉ាកា តែបែរនៅថ្ងៃនេះលោកបានបដិសេធ ព័ត៌មាននេះទៅវិញ។
ទី២៖ បើសិនជាអ្វីដែលហៅថា វិជ្ជាជីវៈសារព័ត៌មាន នៅវិទ្យុបារាំងអន្តរជាតិអត់មានទេនោះ ហេតុអ្វីបានជាលោកយកព័ត៌មានហ្នឹង ទៅផ្សព្វផ្សាយបន្តនៅក្នុង Facebook របស់លោក។
ទី៣៖ ខ្ញុំធ្វើការនៅក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំកន្លងមកហើយ ចំណែកលោកវិញ តាំងពីខ្ញុំស្គាល់មក លោកជាអ្នកនយោបាយតាំងពីដើម ហេតុដូច្នេះហើយបានជាខ្ញុំ មិនអាចអនុញ្ញាតប្រគល់សិទ្ធិឲ្យខ្លួនឯងនិយាយជាចំហរថា លោកមិនមែនជាអ្នកនយោបាយអាជីពនោះទេ។ ប៉ុន្តែជាមួយគ្នានេះ ខ្ញុំមានសំណូមពរមួយ «មិនបាច់បង្រៀនខ្ញុំឲ្យធ្វើកាសែតទេ»។
យោងតាម Facebook របស់លោក ទុង សុខលីម (Soklim Tung) ដែលត្រូវបានគេដឹងថា ជាអ្នកចេះភាសាបារាំងជ្រៅជ្រះមួយរូប បានធ្វើការបកប្រែកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ យ៉ាងដូច្នេះថា៖ {សង្ខេបបន្ថែមក្រៅផ្លូវការសម្រាប់អ្នកមិនចេះបារាំង}៖ លោក សម រង្ស៊ី ចង់ឲ្យសហគមអឺរ៉ុបបិទទីផ្សាររបស់ខ្លួន ចំពោះផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដើម្បីជាការដាក់ទណ្ឌកម្មដល់រាជរដ្ឋាភិបាល។ លោកពន្យល់ថា ការធ្វើដូច្នេះនឹងមិនប៉ះពាល់ដល់ជិវិតកម្មករ ឬប្រជាជនខ្មែរតូចតាចនោះឡើយ ព្រោះអ្នកចំណេញកប់ក្តោងពីវិស័យនេះគឺពួកថៅកែធំៗ ដែលតែងផ្តល់ប្រាក់ចំណេញមួយភាគធំ ជាសំណូកដល់នាយករដ្ឋមន្រ្តី និងបក្សកាន់អំណាច។ {បើអ៊ីចឹងមែននោះ បងប្អូនកម្មកររបស់ខ្ញុំ មានតែត្រឡប់ទៅធ្វើស្រែចម្ការវិញហើយ។ ទោះបីយ៉ាងនេះសូមរីករាយថ្ងៃអាទិត្យទាំងអស់គ្នា!}»
សូមជំរាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ វិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាភាសាខ្មែរ បានចុះផ្សាយអំពីការផ្តល់គំនិតរបស់លោក សម រង្ស៊ី ដោយដាក់ចំណងជើងធំៗនៅលើគេហទំព័ររបស់ខ្លួនដែរថា «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយ លក្ខខណ្ឌ»។ វិទ្យុនេះ ក៏បានដកស្រង់សម្តីរបស់ លោក សម រង្ស៊ី ជាភាសាបារាំង ហើយបកប្រែជាភាសាខ្មែរថា «ប្រធានគណបក្សសង្រ្គោះជាតិ ថាបើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថាឈ្មួញធំៗ ទាំងអស់នោះហើយដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។ លោក សម រង្ស៊ី បញ្ជាក់បន្តថា ហេតុដូចរៀបរាប់ខាងលើនេះ បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌផងដែរ។ បើសភាពអឺរ៉ុប ធ្វើដូច្នេះរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពីចារណាឡើងវិញ»។
កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បណ្តាសហជីពធំៗ រួមទាំងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជាផង បានចេញ សេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយថ្កោលទោសចំពោះការផ្តល់គំនិតរបស់ លោក សម រង្ស៊ី ទៅកាន់សភាអឺរ៉ុប។ ពួកគេលើកឡើងថា គំនិតដែលបង្ហើបឱ្យអឺរ៉ុប បិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា ពុំបានចំណេញអ្វីសោះដល់ប្រទេសជាតិ និងកម្មករ ប៉ុន្តែផ្ទុយទៅវិញគំនិតនេះ ជាការធ្វើឡើង ដើម្បីចំណេញតែនយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលជីវភាពកម្មករនៅកម្ពុជាជាង ៧០ម៉ឺននាក់ បានពឹងផ្អែកទាំងស្រុងលើចំណូលពីការងារកាត់ដេរ៕