(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០១៦-២០២៣ សិស្សមន្ត្រី និងកម្មសិក្សាការីសរុបចំនួន២០៨៥រូបរបស់សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ទទួលបានការបណ្តុះបណ្តាលជំនាញឌីជីថលពីបណ្ឌិត្យសភាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងកម្មវិធីបាឋកថាស្តីពី កម្ពុជា៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា សាលាភូមិន្ទរដ្ឋបាលបានសហការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រីរាជការជាកម្មសិក្សាការី និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល។
ជាលទ្ធផល ក្នុងរយៈពេលចាប់ពីឆ្នាំ២០១៦ ដល់២០២៣ សិស្សមន្ត្រី និងកម្មសិក្សាការីសរុបចំនួន២០៨៥រូប បានចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទូរស័ព្ទដៃឆ្លាត និងវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ការគ្រប់គ្រង។
លោក យក់ ប៊ុនណា បានបន្តថា ក្នុងឆ្នាំ២០២១ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានបញ្ជូនគ្រូឧទ្ទេសផ្តល់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលលើជំនាញឌីជីថលចាំបាច់ និងភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ដល់សិស្សមន្ត្រី និងកម្មសិក្សាការីសរុបចំនួន៨១៦នាក់។
ក្នុងឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាលបានបញ្ជូនសិស្សមន្ត្រី និងកម្មសិក្សាការីចំនួន៧៣៦នាក់ ចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លើជំនាញឌីជីថលចាំបាច់សរុបចំនួន៤៧០នាក់ (អ្នកប្រឡងជាប់វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ចំនួន១៦១នាក់) និងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថលសរុបចំនួន២៦៦នាក់។
ក្នុងឆ្នាំ២០២៣ គិតមកដល់ត្រឹមខែមិថុនា សាលាភូមិន្ទរដ្ឋបាលបានបញ្ជូនកម្មសិក្សាការីចំនួន៥២នាក់ ដើម្បីទទួលការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថលដោយផ្ទាល់នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
បើតាមលោក យក់ ប៊ុនណា សាលាភូមិន្ទរដ្ឋបាលស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាឌីជីថលបន្តកិច្ចសហការលើការងារបណ្តុះបណ្តាលជំនាញឌីជីថលដល់សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលជាបន្ត ដែលអាចជារូបភាពនៃការបញ្ជូនសិស្សមន្ត្រី និងកម្មសិក្សាការីទៅទទួលការបណ្តុះបណ្តាលនៅបណ្ឌិត្យសភាឌីជីថល និងការបញ្ជូនគ្រូឧទ្ទេសពីបណ្ឌិត្យសភា ឬមន្ត្រីជំនាញជាន់ខ្ពស់ពីក្រសួងប្រៃសណីយ៍មកផ្តល់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល។
នាឱកាសនោះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន២ មកចែករំលែកនាឱកាសនេះ ទី១-គោលនយោបាយរួមរបស់រាជរដ្ឋាភិបាលឆ្ពោះទៅកាន់បរិវត្តកម្មឌីជីថល និងទី២-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មានចំណែកអ្វីខ្លះក្នុងដំណើរការបរិវត្តកម្មឌីជីថល។
លោករដ្ឋមន្ត្រីបានបន្តថា នៅដំណាក់កាលទី១ នៃការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង/ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរ ក្នុងនោះទី១-ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល ទី២-ការរៀបចំតភ្ជាប់បណ្តាញរបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ទី៣-ឧបករណ៍និងប្រព័ន្ធ ទី៤-ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ទី៥-ការរៀបចំផែន ការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងទី៦-ការរៀបចំផែនការសកម្មភាព។
លោក ជា វ៉ាន់ដេត បានបើកឱកាសដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៣ សិស្សមន្ត្រីក្រមការជំនាន់ទី១០ និងកម្មសិក្សាការីឆ្នាំ២០២៣ថ្នាក់ផ្សេងទៀតនៃសាលាភូមិន្ទរដ្ឋបាល លើកជាសំណួរដែលជាចម្ងល់របស់ខ្លួន ដើម្បីលោកជួយឆ្លើយបំភ្លឺបានយល់ដឹងកាន់តែច្បាស់លាស់ថែមទៀត។
គួរជម្រាបថា កម្មវិធីបាឋកថាលើកទី៤នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន២យ៉ាង៖
* ទី១-ដើម្បីផ្តល់ឱកាសដល់សិស្សមន្ត្រី-កម្មសិក្សាការី បានជួបប្រាស្រ័យនិងទទួលការណែនាំពីលោករដ្ឋមន្ត្រី។
* ទី២-ក៏ជាឱកាសដ៏មានតម្លៃសម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏សម្បូរបែបផ្ទាល់ពីលោករដ្ឋមន្ត្រីផងដែរ។ បាឋកថាស្តីពីដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល ក្នុងវេលានេះពិតជាមានសារៈសំខាន់ដើម្បីសិស្សមន្ត្រី និងកម្មសិក្សាការី ស្វែងយល់កាន់ច្បាស់លាស់ និងស៊ីជម្រៅអំពីចក្ខុវិស័យ ទស្សនាទាន ការរៀបចំ និងការដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មឌីជិថលសាធារណៈ៕