(ភ្នំពេញ)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានគិតគូខ្ពស់លើវិស័យសង្គមកិច្ច អប់រំសុខាភិបាល ក្នុងគោលដៅធ្វើឱ្យប្រជាជន ទទួលបាន សេវាសង្គមកាន់តែច្រើន ជាពិសេសមានភាពងាយស្រួល ស្រមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្ខិតសេវាដល់ប្រជាជនឱ្យកាន់តែជិត និងប្រកប ដោយប្រសិទ្ធភាព។

លោកស្រីបានថ្លែងបែបនេះ ខណៈចូលរួមនៅក្នុងសិក្ខាសាលាស្តីពី «សុខភាពស្រ្តី និងការថែទាំផ្លូវចិត្ត ផ្លូវកាយ» ដែលមានសិក្ខាកាមសរុប៣០០នាក់ រួមមាន ថ្នាក់ដឹកនាំស្រ្តី និងមន្រ្តីរាជការជាស្រ្តីជាច្រើនរូបទៀត នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ចំពោះសិក្ខាសាលានាពេលនេះ លោកស្រីបានបញ្ជាក់ថា គឺជាការជួបជុំដើម្បីឱ្យបង ប្អូនស្ត្រីទាំងអស់គ្នាដែលបានចូលរួមបានយល់ដឹងបន្ថែមទៀតអំពី ការថែទាំសុខភាព និងការថែទាំ ផ្លូវចិត្ត ផ្លូវកាយ យល់ដឹងអំពីជម្ងឺមហារីក សំខាន់ៗ ដែលកើតមានលើស្ត្រី ដើម្បីធ្វើការបង្ការ ការពារ យល់ដឹងពីជម្ងឺលើសសម្ពាធឈាម និងជម្ងឺទឹកនោមផ្អែម ដើម្បីបង្ការ និងការពារ ជាមួយគ្នានេះដែរក៏មានការបង្ហាញជូននូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំផងដែរ។

លោកស្រី បានគូសបញ្ជាក់ថា យើងម្នាក់ៗសុទ្ធតែដឹងហើយថា សុខភាពគឺមាន តម្លៃធំធេងណាស់សម្រាប់យើងទាំងអស់គ្នា។

លោកស្រីបន្តថា សិក្ខាសាលានេះ រៀបចំក្នុងគោលបំណងឲ្យសិក្ខាកាមបានយល់ដឹងបន្ថែមទៀតអំពីការថែទាំសុខភាព និងលារថែទាំផ្លូវកាយ និងផ្លូវចិត្ត ដោយផ្តោតទៅលើជំងឺមហារីក ដែលកើតលើស្រ្តី និងបង្ហាញអំពីជំងឺលើសឈាម និងទឹកនោមផ្អែម ជាចំណេះដឹងសម្រាប់ការពារខ្លួន និងគ្រួសារ។

ថ្លែងនៅក្នុងសិក្ខាសាលានោះដែរ លោកស្រី ក្រាម សុខចាន់នឿន ប្រធានប្រចាំប្រទេសអង្គការមូលនិធិ កុមារកម្ពុជា បានលើកឡើងថា បញ្ហាសុខភាពគឺជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សយើងម្នាក់ៗ ដែលយើងទាំងអស់គ្នាត្រូវ តែយកចិត្តទុកដាក់ និងគិតគូឱ្យបានខ្ពស់បំផុត ដោយត្រូវឧស្សាហ៍ទៅពិនិត្យសុខភាព កុំរង់ចាំទាល់តែ ពេលឈឺបានរត់រកពេទ្យ ជាពិសេសបងប្អូនស្ត្រីត្រូវតែតាមដានសុខភាពខ្លួនឯងជាប្រចាំ ព្រោះថាស្ត្រីក្រៅពី រងគ្រោះដោយសារជម្ងឺលើសសម្ពាធឈាម ជម្ងឺទឹកនោមផ្អែមដូចមនុស្សដទៃទៀត តែស្ត្រីនៅប្រឈមទៅ នឹងបញ្ហារោគស្ត្រី ជាពិសេសបញ្ហាជម្ងឺមហារីកចំនួន ៥ប្រភេទ ដែលគេសង្កេតឃើញថាកើតមានចំពោះ ស្ត្រីជាច្រើនរួចទៅហើយ។

លោកស្រី ក្រាម សុខចាន់នឿន បានលើកឡើងទៀតថា ជាទូទៅយើងបានមើលឃើញថា ពលរដ្ឋ កម្ពុជាជាច្រើនបានគិតថា ចាំឈឺចាំទៅពេទ្យ បើមិនឈឺទេចាំបាច់អីយកលុយទៅឱ្យពេទ្យ ដែលការណ៍នេះ គឺជាការគិតខុសឆ្គងខ្លាំងណាស់។

លោកស្រីថា ទោះបីជាមិនឈឺក៏គួរណាស់ទៅឱ្យគ្រូពេទ្យពិនិត្យដើម្បី ជាការបង្កាទុកជាមុន សមដូចពាក្យខ្មែរមួយឃ្លាថា ការពារប្រសើរជាងព្យាបាល កុំចាំតែឈឺហើយទើបរត់ រកពេទ្យ៕