(ក្រចេះ)៖ គ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ បុសលាវ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ហៅសួរនាំ ក្រោយគ្រូបង្រៀនរូបនោះ បានប្រព្រឹត្តអំពើចាប់បៀតបៀនកេរខ្មាសដល់កូនសិស្សរបស់ខ្លួន កាលពីសប្ដាហ៍មុន។

គ្រូបង្រៀនម្នាក់នោះ ឈ្មោះ ហេង បូរះ ជាគ្រូបង្រៀននៅថ្នាក់ទី៧ ទី៨ និងទី៩ នៃអនុវិទ្យាល័យបុសលាវ ត្រូវបានមន្ត្រីនគរបាលនាំខ្លួនទៅធ្វើការសាកសួ រក្រោយពីបុគ្គលរូបនេះបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅក្នុងបន្ទប់សិក្សា។

គ្រូបង្រៀនរូបនោះ ត្រូវកម្លាំងនគរបាលនាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នោះ តែក្រោយការសួរនាំ បានអនុញ្ញាតឲ្យគ្រូបង្រៀនរូបនោះ បានត្រឡប់មកផ្ទះវិញ។

អាណាព្យាបាលសិស្សនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី បានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភចំពោះសុវត្ថិភាពកូនចៅរបស់គាត់ដែលទៅរៀន នៅអនុវិទ្យាល័យបុស លាវ ក្រោយពេលបែកធ្លាយរឿងលោកគ្រូបង្រៀនម្នាក់ អសីលធម៍ បានចាប់សិស្សនៅក្នុងបន្ទប់បៀតបៀនកេរខ្មាស់របៀបនេះ។

ពួកគាត់បន្តទៀតថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីបុគ្គលរូបនេះ និងថានឹងមិនអនុញ្ញាតឲ្យកូនរបស់ពួកគាត់ទៅរៀននៅជាមួយគ្រូនេះបន្តទៀតទេ ដោយសារតែការភ័យខ្លាច មិនដឹងថាលើកក្រោយអាចប៉ះកូន គេឬកូនគាត់នោះទេ។

ពាក់ព័ន្ធករណីនេះ លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងអនិតជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះថា ករណីនេះលោកស្រីមិនបានបញ្ជាក់ទេ គ្រាន់តែលោកប្រាប់ថាឲ្យទៅអ្នកនាំពាក្យស្នងការដ្ឋានទៅ។

លោក ឌូ វ៉ាន់ថា នាយកសាលាអនុវិទ្យាល័យបុសលាវ បានឲ្យដឹងថា ករណីនេះលោកមិនបានដឹងទេ ដោយសារលោកទៅព្យាបាលជំងឺនៅភ្នំពេញ ទើបតែមកដល់ផ្ទះវិញម្សិលមិញនេះ។ រហូតមកទល់ពេលនេះលោកគ្រូ ហេង បូរះ រូបនេះមិនទាន់ចូលមកបង្រៀនសិស្សវិញទេ ដោយសុំច្បាប់ឈឺនៅផ្ទះ៕