(ភ្នំពេញ)៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក Li Zhu Qun អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការ គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈដែលរូបលោកមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលកន្លងមកតែងតែជួយ ឧបត្ថម្ភគាំទ្រ ទាំងឧបករណ៍សម្ភារៈ ថវិកា និងជួយក្នុងការបណ្ដុះបណ្ដាល ដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ជាពិសេសនៅពេលខាងមុខ ក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន នឹងជួយសាងសង់អគារទីស្នាក់ការកណ្ដាលថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
ក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំយកអ្នកជំនាញមកពិនិត្យសិក្សា លើគម្រោងប្លង់របស់អគារទីស្នាក់ថ្មី។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លើកឡើងថា ដោយមានកិច្ចសហប្រតិបត្តិការគ្នាល្អរវាង នគរបាលកម្ពុជា និងនគរបាលចិន កន្លងមកនគរបាលទាំងពីរបានរួម គ្នាបង្រ្កាបទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) និងបទល្មើស ឧក្រិដ្ឋឆ្លងដែន បានជោគជ័យជាច្រើនករណី។
លោក Li Zhu Qun អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរដល់នគរបាលកម្ពុជា ក្នុងការរួមសហការគ្នាបង្ក្រាបបទល្មើស ជាពិសេសនាពេលថ្មីៗកន្លងមកនេះ នគរបាលកម្ពុជា បានបង្ក្រាប និងបញ្ជូនជនជាតិចិន ៣៩នាក់ លើករណីបទល្មើស តាម ប្រព័ន្ធបច្ចេកវិទ្យា (VOIP) បានដោយជោគជ័យ។ លោក Li Zhu Qun ស្នើឲ្យនគរបាលកម្ពុជា និងនគរបាលចិនបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ គ្នាបន្តទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា៕