(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសួរសុខទុក្ខសំណេះសំណាល ជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តសៀមរាប មុននឹងបន្តដំណើរទៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃស្អែក។
ក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសជាតិដែលរីកចម្រើនទៅបាន គឺជាប្រទេសដែលគ្មានសង្រ្គាម និងគ្មានការលាបពណ៌គ្នា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បើក្រឡេកមើលពីអតីតកាល ខេត្តសៀមរាបក៏ជាទីសមរភូមិសង្រ្គាមស៊ីវិល ហើយគ្មានភ្ញៀវទេសចរបរទេសណាមកលេង ឬអ្នកវិនិយោគិនណាហ៊ានមក ជាពិសេសក្រុមហ៊ុនសណ្ឋាគារ និងអាកាសចរណ៌ណា មកបណ្តាក់ទុននៅទីនេះទេ។ តែពេលនេះ សៀមរាបកំពុងរីកចម្រើន មានសណ្ឋាគារ និងផ្ទះសំណាក់រាប់រយ និងជើងហោះហើរជាច្រើនដឹកជញ្ជូនភ្ញៀវទេសចរចុះឡើង ជារៀងរាល់ថ្ងៃ។ ពេលនេះទាំងក្រុមហ៊ុនក្នុងស្រុកនិងបរទេស មានការកក់ក្តៅ និងជំនឿទុកចិត្តលើករាដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគនៅក្នុងប្រទេស ដែលទាក់ទាញទេសចរណ៍ រាប់លាននាក់ក្នុងមួយឆ្នាំៗ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកមន្រ្តីរាជការទូទាំងខេត្ត ត្រូវតែខិតខំលុបបំបាត់ភាពអសកម្ម ការថ្នាំថ្នាក់ផ្សេងៗជាមួយប្រជាពលរដ្ឋ ហើយត្រូវជំរុញសេវាកម្មសាធារណៈ និងសេវាតម្រូវការចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ឋភាព និងការទទួលខុសត្រូវខ្ពស់។ ខេត្តសៀមរាបមានបេតិ កភ័ណ្ឌវប្បធម៌ជាតិច្រើនណាស់ ដូច្នេះត្រូវចូលរួមការថែរក្សាការពារឲ្យបានល្អគង់វង្ស។
ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងបន្តចុះពិនិត្យសមិទ្ឋផលជាតិ និងស្វែងរកដំណោះស្រាយសមស្របនានា ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត ហើយសម្តេចសូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសូមជូនពរបងប្អូនមន្រ្តីរាជការជួបប្រទះតែសេចក្តីសុខ កុំបីឃ្លៀងឃ្លាតឡើយ៕