(ភ្នំពេញ)៖ យោងតាមលទ្ធផលជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ សត្វត្មាតចំនួន ១៣១ក្បាលត្រូវបានកត់ត្រា នៅក្នុងតំបន់អភិរក្សចំនួន៣ នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿន ក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំ ដើម្បីរាប់ចំនួនសត្វត្មាត នៅក្នុងជម្រកធម្មជាតិក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាត ដែលជាប្រភេទ សត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានាដើម្បីការពារ និងថែរក្សាសត្វត្មាតនេះ ឱ្យបានគងវង្សយូរអង្វែងតទៅមុខទៀត។
បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន, ជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ដងក្នុងមួយឆ្នាំដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។
បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ក្នុងចំណោមសត្វត្មាតដែលបានរាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ទាំង ១៣១ក្បាលនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ក្បាល និងត្មាតត្មោតចំនួន ៤២ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣រួមមាន៖ ដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែងមានចំនួន ៩៣ក្បាល (ត្មាតត្នោតចំនួន ៣១ក្បាល, ត្មាតផេះចំនួន ៥៦ក្បាល, ត្មាតភ្លើងចំនួន ៦ក្បាល), ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ មានសត្វត្មាតចំនួន ៣១ក្បាល (ត្មាតផេះចំនួន ១៦ក្បាល, ត្មាតត្នោតចំនួន ១១ក្បាល និងត្មាតភ្លើងចំនួន ៤ក្បាល) និងក្នុងព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ក្បាល (ត្មាតផេះចំនួន ៥ក្បាល និងត្មាតភ្លើងចំនួន ២ក្បាល)។
កញ្ញា នី ណៃគី មន្ត្រីជំនាញផ្នែកអភិរក្សសត្វត្មាតនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ការធ្វើជំរឿនសត្វត្មាតកាលពីខែមីនា កន្លងទៅបានបង្ហាញថា សត្វត្មាតមានចំនួនប្រមាណ ១០៥ក្បាល ដែលជាតួលេខល្អប្រសើរមួយដែលបង្ហាញថា ការអភិរក្សសត្វត្មាតនៅកម្ពុជាបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ។
បើតាមកញ្ញា នី ណៃគី, ជំរឿនសត្វត្មាតដោយក្រុមអភិរក្សសត្វត្មាតកម្ពុជាដែលនឹងធ្វើបន្ទាប់ គឺធ្វើឡើងលើកទី៣ នៅអំឡុងខែមិថុនានេះ និងលើកទី៤ នាខែកញ្ញា និងលើកទី៥ នាខែធ្នូ ឆ្នាំ២០២៣ មុននឹងធ្វើការបូកសរុប និងសន្និដ្ឋានថាតើសត្វត្មាតមានចំនួនប៉ុន្មានក្នុងឆ្នាំ២០២៣។
យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា លទ្ធផលជំរឿននៅឆ្នាំ២០២២ បានបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ប្រភេទ សរុបចំនួន ១៣៤ ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ក្បាល ត្មាតត្នោត ៤៤ក្បាល និងត្មាតភ្លើងចំនួន ១៩ក្បាល ហើយចំនួនសត្វត្មាត មានការកើនឡើងចំនួន ១៣ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១២១ក្បាល ដែលនេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។
លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចនៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត។
សូមរំលឹកថា សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន៖ ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន៖ សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា (CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូពាក់ព័ន្ធបាន ធ្វើការងារលើការអភិរក្សសត្វត្មាតនៅកម្ពុជា៕