(ក្រចេះ)៖ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។

លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោ សែន ឦសាន បានបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈហៅថា TVET DAY ត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស-និស្សិត យុវជន មាតាបិតា-អាណាព្យាបាល និងសាធារណជនឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម-ជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងនិងក្រៅប្រទេស ។

ក្នុងឱកាសនោះ លោក ភឹម ភីរ៉ា បានលើកឡើងថា ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍធនធានមនុស្សជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ក៏កំពុងតែខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ បើទោះបីជាយើងកំពុងប្រឈមនូវវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ ក៏ក្រសួងនៅតែបន្តការជំរុញ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបន្តបន្ទាប់។

លោកបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្ត ក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប អាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដោយបានដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលថ្មី ផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់វិស័យអាទិភាព រួមមាន ៖ សំណង់ស៊ីវិល មេកានិក អគ្គិសនី និងថាមពល អេឡិចត្រូនិកកម្មន្តសាល បរិក្ខារត្រជាក់ និងកំដៅ និងធុរកិច្ច/ព័ត៌មានវិទ្យា ព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុនដែលនឹងធ្វើសមាហរណកម្ម អ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយការពង្រឹងសមត្ថភាពគ្រូ និងគុណភាពបណ្តុះបណ្តាល ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ដែលបច្ចុប្បន្នវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ត្រូវបានទទួលស្គាល់គុណភាព ISO ៩០០១-២០១៥ ពីអង្គការស្តង់ដារអន្តរជាតិ ISO នៅចុងឆ្នាំ២០២២៕