(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ប្រតិភូគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dr. Zubir Bin Harun ជានាយកប្រតិបត្តិ អញ្ជើញចូលជួប សម្តែងការគួរសម និងពិភាគ្សាការងារជាមួយល ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជំនួបនេះ ធ្វើឡើងនៅវិមានសន្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះដែរ ក៏មានវត្តមានរបស់លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាផងដែរ។
លោកបណ្ឌិត Dr. Zubir បានបញ្ជាក់ថា ជំនួបពិភាគ្សានេះ ក្នុងគោលបំណងសិក្សា ស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការសហការក្នុងការបង្កើត គ្រឹះស្ថានមេក្រូហិរញ្ញ វត្ថុដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្រីក្រី ដែលដែលខ្វះការងារ និង គ្មានវិជ្ជាជីវៈក្នុងការប្រកបរបរអាជីវកម្ម ផ្សេងៗនៅកម្ពុជា។
លោកបន្តថា គ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar ជាគ្រឹះស្ថានផ្តល់ប្រាក់ ឥណទានខ្នាតតូច នៃប្រទេសម៉ាឡេស៊ី ដែលបានដំណើរការតាំងពី២៩ឆ្នាំ មកហើយ។ គ្រឹះស្ថាននេះ បាន ដំណើរការសេវាផ្តល់ប្រាក់ឥណទាន សម្រាប់អាជីវករដែលខ្វះខាត ហើយត្រូវការពង្រីកមុខរបរខ្នាតតូច ដែលគ្រឹះស្ថានអាចផ្តល់ប្រាក់ កម្ចីឥណទានបែបច្បាប់ឥស្លាម ដោយគ្មានការប្រាក់ ដើម្បីជាដើមទុន ដោយអាចផ្តល់ជូនចាប់ពី ៥០០០រិញហ្គិតម៉ាឡេស៊ី ដល់១០០០០រិញហ្គិតម៉ាឡេស៊ី ស្មើនឹងប្រមាណជាពី ១២៨០ដុល្លា ដល់ ២៥៦០ដុល្លាអាមេរិក។
លោកបណ្ឌិតបញ្ជាក់ទៀតថា គ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar ជាគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ ដែលជាប់លំដាប់ថ្នាក់លេខមួយ ដែលបានទទួលអតិថិជន ជាសហគ្រិន និងអាជីវកម្មខ្នាតតូច ហើយផ្តល់សេវាកម្មប្រាក់ឥណទានដ៏ប្រសើរជាងគេ នៅប្រទេសម៉ាឡេស៊ី ដោយគ្រឹះស្ថានមានប្រភពដើមទុនជាដៃគូធំ គឺធនាគារអភិវឌ្ឍន៍ឥស្លាម (IDB)។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានវាយតម្លៃខ្ពស់ ចំពោះគម្រោងការរបស់គ្រឹះស្ថានហិរញ្ញវត្ថុ Amanah Ikhtiar ដែលបានចាប់អារម្មណ៍បង្កើតឡើងនៅកម្ពុជា ព្រោះនៅកម្ពុជាសហគ្រិន និងអាជីវកម្មខ្នាតតូច ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវិតប្រជាពលរដ្ឋដែលជាកសិករ និង អាជីវករខ្នាត តូចនៅតាមបណ្តាសហគមន៍នៃប្រទេសកម្ពុជា ខណៈដែលវិស័យពាណិជ្ជកម្ម ឧស្សាហកម្មខ្នាតធំ ក៏កំពុងតែមានសន្ទុះជាលំដាប់ នៅក្នុងទឹកដីសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកឧកញ៉ា សន្យាគាំទ្រទាំងស្មារតី និងធនធាន តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីធ្វើយ៉ាងណាឲ្យគម្រោង នៃគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុបែបឥស្លាម ដែលមិនគិតពីការប្រាក់មួយនេះ នឹងមានវត្តមាន និងបានដំណើរ ការអោយកាន់តែលឿននៅកម្ពុជា៕