(ពោធិ៍សាត់)៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា តាមការសិក្សាកន្លងមក កម្ពុជាបានខាតបង់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ ដោយសារការប្រែប្រួលអាកាសធាតុ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្នុងយុទ្ធនាការជាមួយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ស្តីពីកម្មវិធីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា នៅខេត្តពោធិ៍សាត់ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «កម្ពុជាខាតបង់ជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំ ពីខ្យល់កន្ត្រាក់ធ្វើឱ្យរំលំផ្ទះ ទឹកជំនន់ធ្វើឱ្យលិចលង់ដំណាំ ខូចខាតហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ សាលារៀន ហើយនឹងគ្រោះរាំងស្ងួត ធ្វើឱ្យបាត់បង់ផលដំណាំរបស់ ប្រជាជលរដ្ឋជាច្រើន»។ 

ទោះយ៉ាងណា បើប្រៀបធៀបទៅនឹងប្រទេសដទៃខ្លះ គឺពិបាកជាងប្រទេសកម្ពុជាឆ្ងាយណាស់ដូចជា៖ ប្រទេសហ្វីលីពីនជាដើម ព្រោះប្រទេសក្នុងតំបន់ប្រជុំកោះមួយនេះ ការប្រែប្រួលអាកាសធាតុញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើកិច្ចអភិវឌ្ឍប្រទេស។ 

លោក ជួប ប៉ារីស៍ បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងដឹងហើយថា ការប្រប្រែប្រួលអាកាសធាតុនឹងមានរហូតមិនអាចថយក្រោយទេ ទឹកជំនន់ក៏មានកាន់តែច្រើនទៅៗ ខ្យល់ព្យុះក៏មានច្រើនដែរ គ្រោះរាំងស្ងួតក៏មាន។ អ៊ីចឹង [..] យើងធ្វើយ៉ាងណាត្រូវបន្សាំ ដូចជាធ្វើផ្លូវឱ្យធំៗ ហើយធ្វើផ្ទះឱ្យធំៗ ដើម្បីការពារពីខ្យល់ព្យុះជាដើម។ ការប្រប្រួលអាកាសធាតុជារឿងពិភពលោក ហើយផលវិបាកនេះពីការកើតឡើងខ្យល់ព្យុះ ទឹកជំនន់នឹងគ្រោះរាំងស្ងួតសំខាន់ណាស់៣នេះ។ ពិភពលោកកំពុងនាំគ្នាការពាហើយ ប៉ុន្តែមិនអាចថយមកវិញបានទេ ចឹង..! យើងទាំងអស់គ្នាត្រូវតែនាំគ្នាប្រុងប្រយ័ត្ន»

សូមបញ្ជាក់ថា របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចមានចំណងជើងថា «គំរូផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាព ជាមួយការគាំទ្របច្ចេកទេសពី យូអិនឌី ភី( UNDP) បានឱ្យដឹងថា នៅឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យប៉ះពាល់ដល់ផលិតភាពការងារ ព្រោះតែការហក់ឡើងខ្ពស់នៃសីតុណ្ហភាពដែលជាមូលហេតុចម្បងនាំឱ្យកម្មករអស់កម្លាំង និងបន្ថយសកម្មភាពក្នុងការងារ។ 

ការប្រែប្រួលអាកាសធាតុបណ្តាលឱ្យកើតមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះកាន់តែច្រើនដែលនឹងកាត់បន្ថយនូវផលិតភាពធនធាន ជាពិសេសលើ វិស័យកសិកម្ម និង ជលផលហើយនឹងបង្កើនការខូចខាតដោយសារតែព្រឹត្តិការណ៍ អាកាសធាតុធ្ងន់ធ្ងរដែលប៉ះពាល់ដល់ផ្លូវថ្នល់ ប្រភព ផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀត៕