(ព្រះសីហនុ)៖ រដ្ឋបាលស្រុកស្ទឹងហាវ ទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ លើដែលនឹងទទួលបានការសាងសង់ផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំទាំង០៣ ដែលទទួលបានរួមមាន៖ ឃុំអូត្រេះ, ឃុំកំពេញ និងឃុំទំនប់រលក ដែលស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឃុំដែលទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ទាំង៣នេះ ធ្វើឡើងក្រោយមានការបើកសំណើដេញថ្លៃ គម្រោងមូលនិធិរួមគ្នា នៅសាលាឃុំអូត្រេះ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការដឹកនាំសម្របសម្រួលពីលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំទាំង៣ ក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំង៣ និងក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃ។
លោក ឃាង ភារម្យ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ បានដាក់ឲ្យដំណើរការដេញថ្លៃ ជាបន្តបន្ទាប់ នៅទូទាំងខេត្តព្រះសីហនុ។
ជាក់ស្ដែងនៅព្រឹកនេះទី១៣ ខែមិថុនា រដ្ឋបាលស្រុកស្ទឹងហាវ មានការបើកសំណើដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣។
នាយកទីចាត់ការបានគូសបញ្ជាក់ថា គម្រោងសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ត្រឹមត្រូវតាមស្តង់ដារដំណើរការនៃកម្មពិធីទាំងមូល ហើយជាលទ្ធផលទទួលបាន ឃុំកំពេញ គម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង២៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ, ឃុំទំនប់រលក បានគម្រោងផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ, ឃុំអូត្រេះ គម្រោងផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ២៨៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ។
ក្នុងនោះម្ចាស់ក្រុមហ៊ុន ដែលដេញថ្លៃ បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន។
ជាមួយគ្នានេះ នាយកទីចាត់ការ ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់ បានយូរ អង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេលវេលា៕