(ភ្នំពេញ)៖ ស្របពេលដែលសិស្សចំនួនជាង៩ម៉ឺននាក់កំពុងត្រៀមខ្លួនប្រឡងបាក់ឌុបនៅថៃ្ងទី ២២ ខែក្រោយនេះ អាណាព្យាបាលនិងសិស្សមួយចំនួនធំ ក៏ចាប់ផ្តើមសំលឹងមើលបណ្តើរៗហើយ ថាតើគួរជ្រើសរើសសាកលវិទ្យាល័យណាមួយដែលល្អ ធានាដល់គុណភាព និងសញ្ញាបត្រដែលគេទទួលស្គាល់ ក្នុងនិងក្រៅប្រទេស ។
ដើម្បីជួយជាពន្លឺដល់អាណាព្យាបាលនិងសិស្សដែលគិតគូរជាចំបងដល់គុណភាពអប់រំនៅកម្ពុជាដោយពុំចាំបាច់ឆ្លងប្រទេសឬឆ្លងទ្វីប Fresh News បានចុះផ្ទាល់ដល់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បន្ទាប់ពីលេចឮព័ត៌មានល្បីថា សាកលវិទ្យាល័យមួយនេះកំពុងលេចធ្លោនៅកម្ពុជា តាមរយៈអាគារដ៏ទំនើប ប្រកបដោយគុណភាព និងអាចទទួលបានសញ្ញាបត្រមកពីអាមេរិកមួយផង។
ខាងក្រោមនេះ ជាបទសំភាសន៍ទាំងស្រុងរបស់ Fresh News ជាមួយលោក បណ្ឌិត Kenneth Dunn ជាស្ថាបនិកមួយរូបរបស់ AUPP ៖
FN: ថ្មីៗនេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសថា និស្សិតដែលរៀនចប់ថ្នាក់បរិញ្ញាបត្របួនឆ្នាំនៅ AUPP នឹងទទួលបានសញ្ញាបត្រពីរ ពោលគឺសញ្ញាបត្រមួយបានមកពីសាកលវិទ្យាល័យ AUPP និងសញ្ញាបត្រមួយទៀត បានមកពីសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋអាមេរិក ។ តើនិស្សិតទាំងនោះអាចទទួលបានយ៉ាងដូចមេ្តចបើពួកគាត់អត់ទៅរៀននៅអាមេរិកផង?
Kenneth Dunn: តាមធម្មតាសាកលវិទ្យាល័យនៅអាមេរិក គេមិនអាចផ្តល់សញ្ញាបត្រឲ្យបានទេសម្រាប់និសិត្សទាំងឡាយណា ដែលមិនបានទៅរៀននៅសាកលវិទ្យាល័យរបស់គេ តែដោយសារ AUPP ជាសាកលវិទ្យាល័យដែលបង្កើតដោយសាកលវិទ្យាល័យអាមេរិក ហើយAUPP និងសាកលវិទ្យាល័យរដ្ឋហ្វតហេនៅសហរដ្ឋអាមេរិក (Fort Hays State University) បានចុះហត្ថលេខាព្រមព្រៀងសហប្រតិបត្តិការ លើកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ ដល់និស្សិត AUPP ទើបការផ្តល់សញ្ញាបត្រពីអាមេរិកអាចធ្វើទៅបាន ។ ខ្ញុំសូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យនិស្សិត AUPP ទៅបន្តការសិក្សានៅសាកលវិទ្យាល័យរដ្ឋហ្វតហេ នៅសហរដ្ឋអាមេរិក មួយឬពីរឆមាសផងដែរ ។
FN: បើ AUPP បង្រៀនជាភាសាអង់គ្លេសសុទ្ធ តើសិស្សកំរិតណាដែលអាចចូលរៀនបាន?
Kenneth Dunn: សិស្សទាំងអស់ដែលបានបញ្ចប់ថ្នាក់ទី១២ និងចេះភាសាអង់គ្លេសក្នុងកំរិតមួយល្អ ។ តែបើសិនជានៅមានកំរិតមួយដែលមិនទាន់ល្អ នោះAUPP មានវគ្គបំប៉នភាសាអង់គ្លេស ពិសេសដែលបង្រៀនដោយសាស្ត្រាចារ្យជំនាញផែ្នកភាសា ដើម្បីឲ្យពួកគេអាចចូលរៀនបាន ។
FN: តើ AUPP បង្រៀនដោយសាស្ត្រាចារ្យមកពីបរទេសឬ?
Kenneth Dunn: សាស្ត្រាចារ្យសុទ្ធតែមានសញ្ញាបត្រមកពីប្រទេសអភិវឌ្ឍន៍ និងភាគច្រើនជាជនជាតិអាមេរិកាំង ដែលមានបទពិសោធខ្ពស់ណាស់ ហើយត្រូវបានជ្រើសរើសចម្រាញ់ដោយគណៈកម្មការជ្រើសរើសយ៉ាងហ្មត់ចត់។
FN: ក្រោយពីបញ្ចប់ការសិក្សានៅ AUPP តើនិស្សិតនឹងទទួលសញ្ញាបត្រទាំងពីនោះ នៅស្រុកខែ្មរឬនៅអាមេរិក?
Kenneth Dunn: និស្សិតអាចជ្រើសរើសចូលរួមពិធីទទួលសញ្ញាបត្រ នៅសាកលវិទ្យាល័យមួយណាក៏បាន ឬក៏ទាំងពីរតែម្តង ។
FN: តើសញ្ញាបត្រទាំងពីរ គេទទួលស្គាល់ដែឬទេ ជាពិសេសនៅសហរដ្ឋអាមេរិក?
Kenneth Dunn: ពិតណាស់រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអាមេរិកទទួលស្គាល់សញ្ញាប័ត្រទាំងពីរតាមរយៈកិច្ចព្រមព្រៀងរវាង AUPP និង សាកលវិទ្យាល័យរដ្ឋហ្វតហេ នៅសហរដ្ឋអាមេរិក (FHSU)។
យ៉ាងណាក៏ដោយចុះ Fresh News ពុំអាចចោទជាសំណួរ ឬស្រាយចំងល់ទាំងអស់បានទេ ដូច្នេះបើសិនជាបងប្អូនមិត្តអ្នកអាន មានចំងល់អ្វីបន្ថែមនោះ អាចទំនាក់ទៅលេខ 023 99 00 23 / 012 26 66 31 ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh