(ភ្នំពេញ)៖ ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ អំពីបញ្ហាគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់តាំងក្រុមការងារជំនាញចំនួន ៨ ក្រុម ដើម្បីចុះរកដំណោះស្រាយ ក្នុងការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត ដោយបានកំណត់យកបុរីធំៗចំនួន៦៨ ស្ថិតក្នុងរាជធានីភ្នំពេញ។

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីលទ្ធផលជាវិជ្ជមាន កើតចេញពីការដោះស្រាយបញ្ហាគុណភាពសេវានៅ បុរី ប៉េងហួត (បឹងស្នោរ)។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងបុរី ប៉េងហួត តាមរយៈការដោះស្រាយបញ្ហាផ្ទាល់ ដោយក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ដើម្បីពង្រឹងគុណភាពសេវាទូរសព្ទចល័តយើងឃើញថានៅក្នុងបុរីនេះ គុណភាពសេវាទូរសព្ទចល័ត នាពេលបច្ចុប្បន្នមានភាពល្អប្រសើរប្រមាណ ៨៨% ដោយបញ្ហានៅសល់ក្រសួងនឹងដោះស្រាយបញ្ចប់នាពេលឆាប់ៗ។

ក្រសួងបន្តថា តួរលេខនេះ ត្រូវបានមន្ត្រីរបស់ក្រសួងចំនួន ៣២៥នាក់ ចុះសួរស្ទង់មតិ និងប្រមូលព័ត៌មានដោយផ្ទាល់តាមខ្នងផ្ទះ ប្រជាពលរដ្ឋសរុបប្រមាណ ៧ ៣០០ គ្រួសារ ស្ថិតក្នុងបុរីប៉េងហួត (បឹងស្នោរ) ។

តាមរយៈបទពិសោធនៃភាពជោគជ័យនៅបុរីប៉េងហួតបឹងស្នោ ក្នុងរយៈពេល ៤ខែនេះ ក្រសួងកំពុងបន្តការងារដោះស្រាយបញ្ហាគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត នៅតាមបុរីទាំង ៦៧ ផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមប្រជាពលរដ្ឋ កុំភ្លេចទាញយកកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត «MPTC Speed Test» ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ក្នុងករណីដែលការវាស់ស្ទង់នេះ បានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ៕