(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញនូវលទ្ធផលគួរជាទីមោទនៈសំខាន់ៗចំនួន៣ចំណុច បន្ទាប់ពីបានបើកកិច្ចប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាកិច្ចប្រជុំលើកទី១ សម្រាប់ឆ្នាំ២០២៣ ដោយ​​​មាន​ការ​អញ្ជើញចូល​រួម​​ពីថ្នាក់ដឹកនាំអាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​នឹង​​​​​ជំងឺអេដស៍, ប្រធានគណៈកម្មាធិការប្រយុទ្ធ​នឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត, ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ​លេខាធិ​ការ​ដ្ឋាន​​​ប្រយុទ្ធនឹ​​ង​​​​​ជំងឺ​អេដស៍​រាជធានី-ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល​​ប្រមាណ១៦២​រូប។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងបញ្ជាក់ឲ្យដឹងថា ឆ្លងកាត់នូវការចំណាយពេលដ៏មានតម្លៃពេញមួយព្រឹក កិច្ចប្រជុំពេញអង្គរបស់យើងបានធ្វើបទ​បង្ហាញ រួមជាមួយនឹងការពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស ដែលនាំឲ្យយើង​ទទួលបាននូវ​លទ្ធ​ផលគួរជាទីមោទនៈសមស្របទៅនឹងកម្មវត្ថុនៃកិច្ចប្រជុំនា​ពេល​នេះ ​ដែលលោកសូម​សង្ខេប​ជូន​ដូចតទៅ៖

*ទី១៖ ការអនុម័តជាគោលការណ៍​នូវ​របាយ​ការណ៍វឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលក្នុង ការឆ្លើយតប​ទៅ​នឹង​ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ រយៈពេល៦ខែ​ដើម ឆ្នាំ២០២៣។

*ទី២៖ ការបន្តជំរុញឱ្យមានវឌ្ឍនភាព និងការបន្តការអនុវត្ត “សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

*ទី៣៖ ការអនុម័ត សេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្ពោះទៅសម្រេចបាន​នូវគោលដៅ ៩៥-៩៥-៩៥ នាឆ្នាំ២០២៥។

ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ ដែលបានប្រឹងប្រែងបន្តចូលរួម ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ចំពោះការប្រឈមធំៗនានាដែលបាន និងកំពុងកើតមានយ៉ាងណាក៏ដោយ។

បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកា​ទាំងអស់ បានប្តេជ្ញាបន្តរួមគ្នាក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ និងក្នុងឆន្ទៈរួមឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ឆ្នាំ២០២៣-២០២៨​ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២២ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖

*ទី១៖ ជំរុញយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចគោលដៅ៩៥ ទី១ (៩៥% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ) តាមរយៈការជំរុញការងារបង្កា នៃការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងការជំរុញលើកទឹកចិត្តអ្នកមានការសង្ស័យ មកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ឲ្យបានឆាប់រហ័ស។

*ទី២៖ ក្រសួងទេសចរណ៍បន្តយន្តការជំរុញលើកទឹកចិត្តដល់ គ្រប់គ្រឹះស្ថានកម្សាន្តសប្បាយ សណ្ឋាគារ និងកន្លែងកម្សាន្តនានានៅទូទាំងប្រទេស ឲ្យចូលរួមអនុវត្តគោលនយោបាយនៃការប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ ឲ្យបានទូលំទូលាយ។

*ទី៣៖​ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការងារអបរំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគ អេដស៍ និងជំងឺអេដស៍ឲ្យបានទូលំទូលាយនៅតាមសាលារៀន គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដើម្បីការពារ និងកាត់បន្ថយការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវជន។

*ទី៤៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួងសុខាភិបាល ជំរុញបង្កើន និងពង្រីកតំបន់គ្របដណ្តប់នៃសេវាផ្តល់ឱសថការពារមេរោគអេដស៍ជាមុន (PrEP) នៅតាមបណ្តារាជធានី ខេត្ត។

*ទី៥៖ គាំទ្រការដាក់ចេញគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ឆ្នាំ២០២៣-២០២៨។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងបន្ថែមតៀតថា ទោះបីជាពេលវេលារបស់យើងមានពេលមួយព្រឹកក៏ពិតមែន តែដោយសារមានការចូល​រួមយ៉ាងសកម្មពីសំណាក់លោក លោកស្រី នាងកញ្ញា ​បានធ្វើឲ្យពេលវេលាដ៏មានតម្លៃរបស់​យើង អាចទទួលបាននូវផ្លែផ្កា ដែលលោកសូមយកឱកាសនេះ សម្តែងនូវ​ការកោតស​រ​សើរ​ដ៏ស្មោះបំផុត ជូនសមាជិក សមាជិកានៃអង្គពិធីទាំងមូល។ សម្រាប់កម្មវិធីអេដស៍ឆ្នាំ២០២៤-២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ថវិកា ១៥លានដុល្លារអាមេរិក សម្រាប់ទិញឱសថព្យាបាល និង៤,៥លានដុល្លារអាមេរិក សម្រាប់មន្ត្រីជាប់កិច្ចសន្យានៃកម្មវិធីអេដស៍មូលនិធិសកល។ ក្រៅពីនេះ គម្រោង PEPFAR របស់សហរដ្ឋអាមេរិក ក៏នឹងចំណាយថវិកាប្រមាណ ១១,៨លានដុល្លារអាមេរិក ក្នុងកម្មវិធីអេដស៍ដែរ។

នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏បានវិភាជថវិកាចំនួន ៦០លានរៀល ក្នុងមួយឆ្នាំក្នុងមួយខេត្ត ដល់ខេត្តចំនួន១១ និងនៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលក៏បានគ្រោងវិភាជថវិកាចំនួន៤០លានរៀល ក្នុងមួយឆ្នាំក្នុងមួយខេត្ត ដល់ខេត្តចំនួន១០ ចុងក្រោយទៀត។ ជាសរុបចាប់ពីឆ្នាំ២០២២ ដើម្បីជំរុញការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបាន និងគ្រោងវិភាជថវិកាចំនួន ១.៣៨០លានរៀលក្នុងមួយឆ្នាំ ដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្តទាំង២៥ សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ៕