(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ អនុសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌចំការមន ដឹកនាំដោយលោកស្រី ឃាង សារនាថ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកសមាគមន៍នារីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះលោកស្រី ឃាង សារនាថ ប្រធានអនុសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌចំការមន បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្ដល់ជូនគ្រួសារជាស្ត្រី នៃសមាគមន៍នារីសេដ្ឋកិច្ចក្រៅប្រព័ន្ឋធ ដែលកំពុងមានជីវភាពខ្វះខាតចំនួន២៣គ្រួសារ។
អំណោយដែលចែកជូននាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ចំនួន២៥គីឡូក្រាម, ទឹកត្រី ចំនួន១យួរ, ទឹកស៊ីអុីវ ចំនួន១យួរ, ខោ ចំនួន១ និងថវិកា ចំនួន២០,០០០រៀល។
នាឱកាសនោះ លោកស្រី ឃាង សារនាថ ក៏បានផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ ដែលនេះជាការសបញ្ជាក់ពីការតែងតែគិតគូរយ៉ាងមធ្យ័តអំពីសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលេីគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡេីយ។
រាជរដ្ឋាភិបាលសម្រេចផ្ដល់របស់ថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការងារនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀហ្គាដិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។
ទាំងនេះជាការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនឲ្យប្រជាជនកម្ពុជាគ្រប់រូបរងទុក្ខលំបាក ដោយគ្មានការថែទាំយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះទេ។
លោកស្រីប្រធាន បានជូនពរទៅដល់សមាជិកសមាគមន៍នារីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងសមាជិកាគ្រប់រូប សូមទទួលបាននូវសុខភាពល្អ សេចក្ដីសុខ សេចក្ដីចម្រេីន ប្រកបមុខរបររកស៊ីទទួលទានមានបាន និងប៉ងប្រាថ្នាអ្វី សូមឲ្យសមប្រកបតាមក្ដីប្រាថ្នា គ្រប់ៗក្រុមគ្រួសារ៕