(បាត់ដំបង)៖ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីជំនាញទាំងអស់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងការិយាល័យអប់រំ ស្រុក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យពេជ្រចិន្តា ស្ថិតនៅភូមិពេជ្រចិន្តា ឃុំចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានចូលរួមពីសិស្សានុសិស្សជាង៦០០នាក់។
លោក ហាក់ សុខរិន បានថ្លែងថា វគ្គផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនេះ គឺធ្វើឡើងក្នុងគោលបំណងឲ្យ សិស្សានុសិស្សមាន ចំណេះដឹងជាមូលដ្ឋានអំពីអ្វីទៅដែលហៅថា «សុវត្ថិភាពម្ហូបអាហារ» និងដោយឡែកគឺបានបង្ហាញឲ្យប្អូនៗយល់ដឹងអំពីផល ប៉ះពាល់ នៃសារធាតុគីមី ហាមឃាត់លើម្ហូបអាហារ។ លោកបន្ដថា វគ្គផ្សព្វផ្សាយក៏បានលំអិតអំពីរបៀបនៃការពិនិត្យមើល អនាម័យលើចំណីអាហារផ្ទាល់ ការដាក់តាំងលក់ និងការពិនិត្យភាពមត់ចត់ នៃសំបកវេចខ្ចប់ និងរបៀបមើលកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ផងដែរ។ លើសពីនេះទៀត វគ្គផ្សព្វផ្សាយនេះ ក៏បានសង្កត់ធ្ងន់ដែរឲ្យប្អូនៗ បានយល់ដឹងអំពីតួនាទីអ្នកប្រើប្រាស់ ក្នុងក្របខណ្ឌ នៃការរួមចំណែកទប់ស្កាត់ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាពលើទីផ្សារ។
លោកក៏បានបញ្ជាក់ដែរថា វគ្គផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំធ្វើឡើងបន្តបន្ទាប់ដោយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ឃុំ ស្រុក ខេត្ត ក្រុងទាំង២៤ និងតាមបណ្តាគ្រឹះស្ថានអប់រំនានា ទូទាំងប្រទេស។
ជាងនេះទៅទៀត មន្ត្រីជំនាញកាំកុងត្រូល ក៏បានសំណូមពរ ឲ្យបងប្អូនអាជីវករ ពាណិជ្ជករ មេត្តាសហការជាមួយសមត្ថកិច្ច ធានានូវភាពទទួលខុសត្រូវខ្ពស់ កុំលាក់លៀមទីតាំងផលិត ប្រភពនាំចូល ក៏ដូចជាការបន្តការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណាដែលស្គាល់ប្រភព និងអាស័យដ្ឋានត្រឹមត្រូវងាយស្រួលដល់សមត្ថកិច្ចចាត់ វិធានការផ្លូវច្បាប់៕