(ព្រះវិហារ)៖ សមាជិក សមាជិកា សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន៦៧២នាក់ ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជូន នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៣នេះ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
លោកទេសរដ្ឋមន្ត្រី មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ អំពាវនាវឲ្យបងប្អូនយើង ត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
នៅក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅស្រុកគូលែននាពេលនេះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងទៀតថា ការបំពាក់មេដាយជូនបងប្អូនអតីតយុទ្ធជនកម្ពុជានៅស្រុកជាំក្សាន្តនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះអតីតយុទ្ឌជនរបស់យើង គិតគូរដល់ជីវភាព ពិសេសគិតគូរដល់កិត្តិយសរបស់អតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។
លោកបញ្ជាក់បន្ថែមទៀតថា សម័យអតីតរដ្ឋកម្ពុជាគឺបានរៀបចំសមាគមអតីតយុទ្ធជនម្តងហើយ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ១៩៩៣គឺមិនទាន់រៀបចំឡើងវិញទេ រហូតឆ្នាំ២០០៧ ទើបរាជរដ្ឋាភិបាលមានការរៀបចំឡើងវិញ។
លោកនាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងយ៉ាងដូច្នេះថា សមាគមអតីតយុទ្ធជនកម្ពុជាគឺជាសមាគមចំណុះឲ្យរាជរដ្ឋាភិបាល មិនមែនសមាគមក្រៅរដ្ឋាភិបាលទេ ព្រោះសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ជាប្រធាន ដោយឡែកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាអនុប្រធាន និងជាសមាជិក។
លោកថា សមាគមអតីតយុទ្ឌជនកម្ពុជាគឺគិតដល់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ហើយមូលហេតុដែលបង្កើតសមាគមអតីតយុទ្ធជននេះឡើង គឺសង្គ្រាមបានបន្សល់ទុកនៅអ្នកពលី និងជនពិការជាច្រើន គិតទាំងកងយោធពលខេមរៈភូមិន្ទ និងកងនគរបាលជាតិ ពិសេសគឺដើម្បីដឹងគុណចំពោះអ្នកដែលបានបូជាជីវិត ក៏ដូចជាការគ្រប់គ្រងជារចនាសម្ព័ន្ធក្រោយយើងបញ្ចប់នូភារកិច្ចបម្រើជាតិ៕