(កណ្តាល)៖ លោកស៊ូ បញ្ញា ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនចោរប្លន់៧នាក់ដាក់ពន្ធនាគារ ក្រោយលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការសម្រេចចោទប្រកាន់រួចមក និងបញ្ជូនរឿងទៅចៅក្រមស៉ើបសួរ។

ពួកគេត្រូវបានចោទប្រកាន់ពីបទ «អំពើលួចមានស្ថានទម្ងន់ទោស» តាមបញ្ញត្តិមាត្រា ៣៥៣, ៣៥៦ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមលោកសូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្ត និងលោកខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់មកកាន់អ្នកយកព័ត៍មានFresh News ប្រចាំខេត្តនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ។

យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៣៥៣- និយមន័យនៃអំពើលួច ៖ អំពើលួចគឺជាអំពើដែលដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើកម្មសិទ្ធិរបស់ខ្លួន។ មាត្រា៣៥៦- អំពើលួច៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់១លានរៀលទៅ៦លានរៀល ។

មាត្រា៣៥៧ - ស្ថានទម្ងន់ទោសដោយការប្រព្រឹត្តហិង្សា៖ អំពើលួចត្រូវបានផ្ដន្ទេសទោសដាក់ពន្ធនាគារចាប់ពី ៣ ឆ្នាំទៅ ១០ឆ្នាំ ក្នុងករណីដូចតទៅ : ១- អំពើលួចនេះ ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើអំពើហិង្សា។ ២- អំពើលួចនេះប្រព្រឹត្តឡើងដោយការកាប់គាស់ទម្លុះទម្លាយ។

សូមជម្រាបថា នគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល សហការជាមួយនគរបាល រាជធានីភ្នំពេញ បានក្របួចក្រុមចោរឆក់បានចំនួន ៧នាក់ជាបម្តបន្ទាប់ ក្រោយពួកគេបានឆក់ជាច្រើនករណី និងទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាហូរហែរមក។

នគរបាលបានឲ្យដឹងថា ក្រោយទទួលបានពាក្យប្ដឹងជាបន្ទាន់, កម្លាំងនគរបាលបានចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីតាមបង្ក្រាបឲ្យខានតែបាន ដែលជាលទ្ធផលបានក្របួដចំនួន៧នាក់។

តាមរបាយការណ៍ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖

*ទី១៖ ឈ្មោះ ឡុង ម៉េងលី អាយុ១៧ឆ្នាំ (ឆក់៣លើក នៅស្រុកអង្គស្នួលឆក់០១លើក ប្លន់០១លើកខេត្តកំពង់ស្ពឺ និងឆក់០១លើក ខេត្តក្រចេះ)
*ទី២៖ ឈ្មោះ ចាន់ រស្មី ហៅប៉ូយ អាយុ១៧ឆ្នាំ (ឆក់០១លើកនៅខេត្តក្រចេះ កាប់បំផ្លាញម៉ូតូ០១លើក កាប់ប្លន់០១លើក នៅខេត្តស្ទឹងត្រែង)។

លុះមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នគរបាលក្របួចបាន៥នាក់ទៀត រួមមាន៖

*ទី១៖ ឈ្មោះ វ៉ាន់ ដាមសុធាវ័ន ហៅវ័ន អាយុ១៧ឆ្នាំ (ឆក់០១លើកនៅខេត្តក្រចេះ វាយគ្នា០១លើកនៅខេត្តស្ទឹងត្រែង)
*ទី២៖ ឈ្មោះ ណាសៀត សាដាត ហៅដាត អាយុ១៨ឆ្នាំ ម្ចាស់ម៉ូតូម៉ាកសង់C125 ពណ៌ក្រហមធ្វើសកម្មភាព
*ទី៣៖ ឈ្មោះ សឿន តុងទីន អាយុ១៧ឆ្នាំ (វាយគ្នានៅខេត្តស្ទឹងត្រែង)
*ទី៤៖ ឈ្មោះ ថន រ៉ាលីសាកា ហៅកា អាយុ១៦ឆ្នាំ (កាប់គ្នានៅខេត្តស្ទឹងត្រែង)
*ទី៥៖ ឈ្មោះ ដា ម៉េងលី អាយុ១៧ឆ្នាំ (កាប់គ្នានៅខេត្តស្ទឹងត្រែង)។

ជនសង្ស័យឈ្មោះ ចាន់ រស្មី ហៅប៉ូយ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់៧លើក ប្លន់៧លើក និងកាប់បំផ្លាញម៉ូតូ០១លើក។ ខ្លួនមានបក្ខពួកចំនួន៥នាក់ទៀតកំពុងស្នាក់នៅបន្ទប់ជួយចំណុចភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤.០០នាទី ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងអាជ្ញាធរភូមិ១៥ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នា ក់នៅចំណុចភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សួរនាំបន្ត។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕