(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ក្រោយពីការកាត់ឆ្វៀលរួច ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផល បានរហូតដោយស្របច្បាប់ ប៉ុន្តែមិនមានសិទ្ធិទិញ លក់ រឺយកបញ្ចាំនោះទេ ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ (តំបន់៣) ហាមពង្រីកបន្ថែមដាច់ខាត និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ប្រសិនបើមានអ្នកទន្ទ្រានឈូសឆាយបន្ថែមត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ចូលរួមទប់ស្កាត់ពីជនខិលខូចមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
ប្រសាសន៍នេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ២៨ អនក្រ.បក ស្ដីពីការសម្រួលផ្ទៃដីចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រកាសតំបន់វិនិច្ឆ័យ ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោក ងួន រតនៈ បានបន្ថែមថា កន្លងមកបងប្អូនប្រជាពលរដ្ឋគ្រប់ខេត្តទាំងអស់ជុំវិញបឹងទនទន្លេសាបបានស្នើសុំប្រើប្រាស់ និងអាស្រ័យផលលើដីតំបន់៣ ឡើងវិញ។ ពេលនេះប្រមុខរាជរដ្ឋាភិបាលបានសម្រេចធ្វើការដោះស្រាយដីតំបន់៣ តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ បានផ្តល់សិទ្ធដីតំបន់៣ឆ្វៀលមកតំបន់២ឲ្យមានសិទ្ធិប្រើប្រាស់អាស្រ័យផលរហូត អាចបន្តមរតកតកូនចៅបានប៉ុន្តែមិនមានលក់ដូរបានទេ។
អភិបាលខេត្តកំពង់ធំបានបន្តទៀតថា ការប្រកាសបើកតំបន់វិនិច្ឆ័យធ្វើការចុះបញ្ជី និងការផ្តល់បណ្ណសម្គាល់សិទ្ធប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងតំបន់៣មកតំបន់២ ជូនប្រជាពលរដ្ឋដែលបានធ្វើស្រែចំការ និងបង្កបង្កើនផលបានរហូត។ បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវរៀបចំឯកសារឲ្យបានគ្រប់គ្រាន់មាន៖ ថតចំឡងអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្យកំណើត ឬសំបុត្យអាពាហ៍ពិពាហ៍។ ត្រូវត្រៀមបង្គោលព្រំ និងត្រូវបោះបង្គោលព្រំលើទីតាំងដីដែលខ្លួនធ្លាប់បានអាស្រ័យផលប្រកបដោយភាពត្រឹមត្រូវ។ ត្រៀមចូលរួមវាស់វែង និងចូលរួមធ្វើការវិនិច្ឆ័យកំណត់អត្តសញ្ញាណម្ចាស់ដីរបស់ខ្លួនឲ្យបានច្បាស់លាស់។ ត្រូវកំណត់ចូលរួមផ្តិតមេដៃអ្នកជាប់ព្រំ ជាពិសេសចៀសវាងមានទំនាស់ ប្រសិនបើមានទំនាស់ត្រូវសម្របសម្រួលឲ្យបានរួចរាល់ដើម្បីងាយស្រួលក្រុមការងារធ្វើការបានឆាប់រហ័ស បើពុំដូច្នោះទេដីដែលមានទំនាស់ត្រូវទុកដោះស្រាយឲ្យរួចរាល់សិន។
គួរបញ្ជាក់ផងដែរថា ការកាត់ឆ្វៀលដីពីតំបន់ ៣ មកតំបន់២នៅស្រុកសន្ទុកមាន ទំហំ ៨,២៣៩ ហិកតា ៩៦ អា៕