(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ មានក្រុមជនអនាធិបតេយ្យ បានធ្វើសកម្មភាពចូល ទន្ទ្រានកាន់កាប់ដីព្រៃអាកាស្យា «ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើក្រសាំង» ស្ថិតនៅចំណុចភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបានធ្វើការ ដាំដុះដំណាំផ្សេងៗ និងបោះបង្គោលធ្វើព្រំរបង ហ៊ុំព័ទ្ធយកដីព្រៃអាកាស្យា អស់ជាច្រើនហិកតា ដែល ទីតាំងដីនេះ ជាដីរបស់រដ្ឋ គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានរៀបចំវេទិកាសាធារណៈ ជាបន្តបន្ទាប់ ដើម្បីធ្វើ ផ្សព្វផ្សាយ ពន្យល់ អប់រំ និងណែនាំបងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីច្បាប់ និងពីសារបាន នៃការ គ្រប់គ្រងដីព្រៃអាកាស្យានៅទីតាំងខាងលើ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅពី ក្រោយខ្នង ឱ្យបញ្ឈប់សកម្មភាពចូលទន្ទ្រានកាន់កាប់ ការដាំដុះដំណាំ និងការធ្វើសកម្មភាពផ្សេងៗ នៅដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ។
ដើម្បីទប់ស្កាត់បាតុភាពនេះ កុំឱ្យកើតមានបន្តទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន ចាត់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធចុះទៅធ្វើការរៀបចំសណ្តាប់ធ្នាប់ និងដកបង្គោលរបង ហ៊ុំព័ទ្ធដីបែបអាណាធិបតេយ្យ ដើម្បីយកទីតាំងខាងលើទុកជាទ្រព្យសម្បត្តិរដ្ឋ ។
រដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបញ្ឈប់ សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ជាបន្ទាន់ ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ និងមិនលើកលែង ចំពោះបុគ្គល ឬក្រុមអនាធិបតេយ្យណា ដែលនៅត បន្តដឹកនាំ ឬធ្វើសកម្មភាពទន្ទ្រានចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធចូលរួមសហការ និងគោរពតាមច្បាប់ជាធរមាន៕