(ភ្នំពេញ)៖ ក្រុមហ៊ុន ឌី ណេតវើក វើលវ៉ាយដ៏ (ខេមបូឌា) ត្រូវអគ្គិភ័យឆាបឆេះបន្ទប់ជាន់ឡៅតឿ និងសម្ភារៈក្នុងបន្ទប់អស់មួយចំនួន ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖២០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលស្ថិតនៅផ្ទះលេខ២៤៥C ផ្លូវ២៧១ ភូមិ៤ សង្កាត់ទួលទំពូល២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តេញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះ ខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ ដែលជាប្រភេទ ថ្មបេតុង ទំហំ (១០ម៉ែត្រ គុណ ១៥ម៉ែត្រ) ក្នុងនោះរួមមានសាឡុងចំនួន១ឈុត, តុធ្វើការចំនួន១ឈុត, ទូរទស្សន៍ចំនួន៣គ្រឿង, ទូរឯកសារចំនួន១ទូរ, កំរាលព្រុំចំនួន២, ឯកសារមួយចំនួន, ប្រាក់ដុល្លារចំនួន ២០០ដុល្លារ នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានបន្តទៀតថា អគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១៖០០នាទីរសៀល នាថ្ងៃដដែល ដោយក្នុងនោះ ប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប និងរថយន្តជំនួយមកពីទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង៦ម៉ែត្រគូប៕