(ភ្នំពេញ)៖ នៅយប់ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០២៣​នេះ លោក​ កៀង​ ល័ក្ស​ អភិបាល​​ខណ្ឌ​ចំការមន​ បានបន្ដជួប​សំណេះសំណាល និង​បាន​នាំយក​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ (ប.ស.ស)​ មក​ផ្ដល់​ជូន​បុគ្គលិក​បម្រើការផ្នែកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​កំពុង​បម្រើការ​ងារ​នៅ​ភោជនីយដ្ឋាន​ LUSH KTV ស្ថិតនៅ​សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដោយមាន​ការ​ចូលរួម​ពី​លោកអភិបាលរង​ខណ្ឌ​,​ លោកចៅសង្កាត់​ និងមន្ត្រី​រដ្ឋបាល​ខណ្ឌ​ ពាក់ព័ន្ធ​ទាំងអស់​។

ជាការ​យកចិត្តទុកដាក់អំ​ពី​សុខភាព​របស់​​បុគ្គលិក​បម្រើការផ្នែកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ រាជ​រដ្ឋាភិបាល​សម្រេច​ផ្ដល់​របស់​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​ សម្រាប់​បុគ្គលិក​បម្រើការ​ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជាពិសេស​ស្ត្រី​ដែល​បម្រើ​ការ​ងារ​នៅ​តាម​រង្គសាល​,​ ឌីស្កូ​តែក,​ ខារ៉ាអូខេ​,​ បៀហ្គាដិន​,​ កន្លែង​ម៉ាស្សា​ និងស្ប៉ា​ ស្របតាម​លិខិត​បទដ្ឋាន​គតិ​យុត្តជាធរមាន​ ដែលរដ្ឋនឹង​រាប់​រងនូវ​ចំណាយទាំងស្រុង។

​លោក កៀង ល័ក្ស បានអះអាងថា សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ តែង​តែ​គិតគូរ​ទៅដល់​សុខទុក្ខ​​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ ដែល​កំពុង​តែ​ជួប​លំបាក​ សម្ដេច​តេជោ​ ​មិនឲ្យ​នរណា​ម្នាក់ស្លាប់ដោយ​អត់បាយ​ហូប​ និង​រង​ទុក្ខ​លំបាក​ ដោយ​គ្មាន​ការ​ថែទាំ​យកចិត្តទុកដាក់​ពី​រាជ​រដ្ឋាភិបាល​នោះទេ៕