(សៀមរាប)៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បាននាំយកថវិកាដែលបានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និងជិះកង់អង្គរសង្ក្រាន្ត ចំនួន៤១,៨០០,០០០រៀល ជូនមន្ទីរពេទ្យកុមារអង្គរ នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
កម្មវិធីរត់អង្គរសង្ក្រាន្ត និងជិះកង់អង្គរសង្ក្រាន្ត បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងកៀគរថវិកាពីសប្បុរសជននានា ឲ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ-Angkor Hospital for Children ដែលសកម្មភាពនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរបស់ស.ស.យ.ក.ដែលកន្លងមកធ្លាប់បានធ្វើជាច្រើនលើក។
ផ្សាភ្ជាប់ជាមួយសកម្មភាពខាងលើ កម្មវិធីមួយនេះក៏បានបំផុសឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡាប្រកបដោយសាមគ្គីភាព និងមោទនភាព ក្នុងនាមជាមហាគ្រួសារខ្មែរ រួមទាំងបានផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញទេពកោសល្យ និងសមត្ថភាពបច្ចេកទេសរបស់ពួកគេលើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឲ្យកាន់តែមានសក្ដានុពល។
សូមជម្រាបជូនថា កម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក និងសាធារណជនប្រមាណ១,៤០០នាក់៕