(ប៉ៃលិន)៖ ប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោក សៅ សារ៉ាត់ អភិបាលរងខេត្ត រួមជាមួយអភិបាលក្រុងប៉ៃលិន អភិបាលស្រុកសាលាក្រៅ ក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រធានច្រកទ្ធារអន្តរជាតិព្រំ និងមន្រ្តីជំនាញមួយចំនួនទៀត ព្រមទាំងអភិបាលស្រុកគំរៀង ខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធផងដែរនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានជួបប្រជុំជាមួយអភិបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកពោណាំរ៉ន ប្រទេសថៃ ដើម្បីពិភាក្សាលើវិធានការបង្រ្កាប ទប់ស្កាត់ ការជួញដូរគ្រឿងញៀន ឆ្លងដែនរវាងស្រុក-ក្រុងទាំង៣ ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាប់ស្រុកពោណាំរ៉ន ប្រទេសថៃ។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន ក៏ដូចជាលោកអភិបាល ស្រុកពោណាំរ៉ន ប្រទេសថៃ បានសម្ដែងក្តីរីករាយ ស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងស្រុក-ក្រុងទាំងពីរ ក្នុងខេត្តប៉ៃលិន និងស្រុកគំរៀង ខេត្តបាត់ដំបង ជាមួយស្រុកពោណាំរ៉នប្រទេសថៃ ក្នុងការបង្រ្កាបទប់ស្កាត់ការចរាចរ ជួញដូរគ្រឿងញៀននាពេលកន្លងមក។
លោក សៅ សារ៉ាត់ បានថ្លែងថា «កិច្ចសហប្រតិបត្តិការលើការបង្រ្កាបទប់ស្កាត់ការចរាចរ ជួញដូរគ្រឿងញៀនរវាងសមត្ថកិច្ច អាជ្ញាធរស្រុកពោណាំរ៉ន ស្រុកសាលាក្រៅ ក្រុងប៉ៃលិន និងស្រុកគំរៀងនេះ គឺយើងបានធ្វើមកជាយូមកហើយ ហើយក៏ទទួលបានលទ្ធផលជាបន្តបន្ទាប់»។
លោកបន្តថា ការជួបប្រជុំគ្នានៅពេលនេះ ក៏ជាការពញ្ញាក់ស្មារតី អាជ្ញាធរស្រុកដែលនៅជាប់ព្រំដែនប្រទេសទាំងពីរ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ក៏ដូចជាការពិភាក្សាផ្តល់នូវអនុសាសន៍ និងមធ្យោបាយថ្មីៗបន្ថែមទៀត ក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសជួញដូរចរាចរ គ្រឿងញៀនអោយកាន់តែមានប្រសិទ្ធភាព ដើម្បីលុបបំបាត់ឲ្យបានជាអតិបរមាក្នុងការចរាចរ ជួញដូរគ្រៀងញៀន ឆ្លងកាត់តាមព្រំដែន។
បន្ថែមពីនេះប្រតិភូនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើការងារទំនាក់ទំនងសេដ្ឋកិច្ច នៃប្រជាពលរដ្ឋក្នុងស្រុក-ក្រុងទាំងពីរក្នុងខេត្តប៉ៃលិន និងស្រុកពោណាំរ៉ន ប្រទេសថៃ និងការងារកសាងស្ពានព្រំដែន នៅច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិនផងដែរ ដែលតាមព័ត៌មានពីស្រុកពោណាំរ៉ន ស្ពាននេះ នឹងត្រូវកសាងនៅក្នុងខែសីហា ឆ្នាំ២០១៦នេះ ដោយប្រើប្រាស់កញ្ចប់ថវិកាពីប្រទេសថៃ៕