(សៀមរាប)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនដល់អតីតយុទ្ធជនកម្ពុជា ប្រមាណ៨០០នាក់ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ដល់អតីតយុទ្ធជនទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា អតីតយុទ្ធជនទាំងអស់ដែលបានមកចូលរួមនៅថ្ងៃនេះ ពួកបានចូលរួមបម្រើកងទ័ពតាំងពីយូរណាស់មកហើយ មានពួកគាត់ខ្លះមកពីអង្គភាពទ័ពលេខ២៨៦, មកពីអង្គភាព១៧៩, អង្គភាព១៩៦ និងមានមកពីអង្គភាពផ្សេងៗទៀត បានជួបជុំគ្នា ដោយបង្ហាញពីការសប្បាយរីករាយ ដែលបានជុំគ្នា ជាអតីតយុទ្ធមិត្ត បានបម្រើទ័ពជាមួយគ្នា។

ជាមួយគ្នាពួកគាត់បានចូលរួមបម្រើកងទ័ព ចូលរួមជាមួយសម្តេចតេជោ ដើម្បីរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា និងអរគុណសម្តេចតេជោ ដែលបានអនុញ្ញាត្តឱ្យមានកម្មវិធី សំណេះសំណាលនេះឡើង។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ក្រោមការដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាពពេញលេញជូនប្រជាជននៅទូទាំងប្រទេស និងបានដឹកនាំប្រទេសដោយមានការអភិវឌ្ឍឥតឈប់ឈរជារៀងរាល់ថ្ងៃ និងធ្វើឱ្យប្រទេសកម្ពុជា មានសិទ្ធិ ស្មើមុខ ស្មើមាត់លើឆាកអន្តរ​ជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអំពាវនាវដល់ពួកគាត់ទាំងអស់គ្នា ទៅចូលរួមបោះឆ្នោតទាំងអស់គ្នាសម្រាប់នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ហើយបោះឆ្នោតជូន អ្នកដែលបានស្វែងរកសន្តិភាពពេញលេញ ដឹកនាំប្រទេសដែលមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ក្រោយពីពិធីសំណេះសំណាល នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានចុះជួបសួរសុខទុក្ខផ្ទាល់ ដោយបង្ហាញចេញពីការ សប្បាយរីករាយ ញញឹម ញញែមដាក់គ្នា បង្ហាញពីការនឹករលឹកគ្នាទៅវិញទៅមក។

ក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ចែកជូនដល់អតីតយុទ្ធជនទាំង៨០០នាក់ ក្នុងម្នាក់ៗទទួលបានក្រមារ១ និងថវិកា៥ម៉ឺន រៀល៕