(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំពិភាក្សា ផ្សព្វផ្សាយសារសំខាន់ៗដែលបានដាក់ដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់មន្ដ្រីអាវុធហត្ថក្រោមឱវាទទូទាំងខេត្ត។ ក្នុងកិច្ចប្រជុំ នោះដែរ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់សន្តិសុខ៧៥នាក់ បានចូលរួមផងដែរ។
សារសំខាន់ៗដែរ លោកឧត្តមសេនីយ៍ត្រី បានថ្លែងទៅកាន់អង្គពិធីក្នុងឱកាសនោះ រួមមាន ទី១-កម្លាំងអាវុធហត្ថ ណាដែលប្រើប្រាស់គ្រឿងញៀន ត្រូវលុបឈ្មោះចោល ទី២-ត្រួតពិនិត្យកម្លាំង អាវុធហត្ថណាដែលអនុវត្តន៍ខុសច្បាប់ ទី៣-ត្រួតពិនិត្យកម្លាំងអាវុធហត្ថណា ដែលបាត់មុខយូរ ត្រូវលុបឈ្មោះចោល ៤-អនុវត្តច្បាប់តឹងរឹងចំពោះ កម្លាំងអាវុធហត្ថណា ដែលយកតួនាទី ទៅកាងខុសច្បាប់ ឬប្រព្រឹតអំពើពុករលួយ ទី៥-ធ្វើការអប់រំចំពោះ កម្លាំងអាវុធហត្ថណា ដែលប្រើបណ្ដាញសង្គមFacebook មិនត្រឹមត្រូវ ត្រូវតម្រង់ទិស ទី៦-កាប្រើប្រាស់ស្លាកលេខកងទ័ព ត្រូវបង់ពន្ធជូនរដ្ឋ ទី៧-គ្រប់គ្រងកម្លាំងអាវុធហត្ថដែលដើរហើរសេរី ហើយចំពោះការឈប់សម្រាក ត្រូវសុំច្បាប់ជាលាយលក្ខណ៍អក្សរតាមឋានានុក្រម ទី៨-យើងជាមន្រ្តីអនុវត្តច្បាប់ ត្រូវគោរពច្បាប់ចរាចរណ៍ និងទី៩-ណែនាំកម្លាំងអាវុធហត្ថគ្រប់រូប មិនត្រូវឆ្លើយឆ្លងព័ត៍មាន ក្រៅពីអ្នកនាំពាក្យរបស់មេបញ្ជាការ។
បន្ថែមពីនេះ លោកមេបញ្ជាការ សង្ឈឹមជឿជាក់ថា មន្ដ្រីកងរាជអាវុធទាំងអស់ នឹងអនុវត្តនូវវិធានការណ៍ដែលបានដាក់ចេញ ដោយក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕