(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន០៣ភូមិ គឺភូមិក្បាលសេះ ភូមិក្រាំងធ្មៃ និងភូមិចារ ស្ថិតនៅក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត , សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ , ព្រមទាំងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជូនចំពោះ អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋទាំងអស់ ។

លោកបានមានប្រសាសន៍បន្តថា ជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់ មិនភ្លេចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែផ្តាំផ្ញើសួរសុខទុក្ខគ្រប់ពេល វេលាដែលរូបឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំដទៃៗទៀត ចុះមកជួបផ្ទាល់នឹងបងប្អូនប្រជាពលរដ្ឋ ។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន កម្ពុជាបានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម។  ក្នុងឱកាសនោះដែរ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារ ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា ទាំងជំនាន់ នេះ និងជំនាន់ក្រោយៗទៀត។  

លោក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កុំជឿតាមពាក្យភូតភរ ញុះញង់របស់ជនអគតិមួយចំនួន ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ សូមបងប្អូនជឿទុកចិត្តលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គរាប់សែនជំពូក ហើយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាពិសេស ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ជាប្រទេសងើបចេញពីជំងឺកូវីដ-១៩លឿនជាងគេ និងស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស បើកដំណើរការពេញលេញទាំងសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ។ 
         
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន២៦,១០០,០០០រៀល(ម្ភៃប្រាំមួយលាន មួយសែនរៀល)៕