(តាកែវ)៖ កម្លាំងនគបាលក្រុងដូនកែវ ខេត្តតាកែវ បានស្ទាក់ចាប់ឃាត់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ បានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់ នៅវេលាថ្ងៃត្រង់ទី២២ ខែ កក្ដដា ឆ្នាំ២០១៦នេះ នៅទឹកដីស្រុកទ្រាំង។
ក្រុមចោរទាំង២នាក់នេះ បានប្លន់យកម៉ូតូពីស្រ្តីម្នាក់ នៅក្នុងស្រុកទ្រាំង ហើយភ្លាមៗក្រោយកើតហេតុ បានរត់គេចខ្លួនពីស្រុកទ្រាំង និងស្រុកត្រាំកក់ តែត្រូវមកអស់ល័ក្ខនៅក្នុងក្រុងដូនកែវ។
លោកវរសេនីយ៍ត្រី ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាចោប្លន់ម៉ូតូទាំង២នាក់ ត្រូវកម្លាំងរបស់លោកបានធ្វើការស្ទាក់ចាប់បាន នៅចំណុចខាងត្បូង សាលាក្រុងដូនកែវ ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ។ លោកបញ្ជាក់ថា «ពួកគេបានប្លន់ម៉ូតូម៉ាកសង់០១៦មួយគ្រឿង ពីស្រ្តីចំណាស់ម្នាក់បានសម្រេចនៅចំណុចភូមិអង្គ ឃុំព្រៃស្លិកស្រុកទ្រាំង បានសម្រេច ហើយធ្វើការជិះរត់គេចខ្លួន ចូលមកក្រុងដូនកែវនេះ»។
លោកអធិការបានបន្តទៀតថា នៅក្នុងការដេញបង្រ្កាបក្រុមចោប្លន់ម៉ូតូនេះ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូបំបុកម៉ូតូនគបាល និងបានបំបុកឡានសមត្ថកិច្ច ឲ្យរងការខូចខាតមួយចំនួនផងដែរ។បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានដកហូតម៉ូតូពីរគ្រឿង ដែលមួយគ្រឿងម៉ាកសង់ ២០១០ របស់ជនសង្ស័យ ជិះធ្វើសកម្មភាពប្លន់ និងមួយគ្រឿងទៀតម៉ាកសង់ ២០១៦ ដែលពួកគេទើបប្លន់បាន។
ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ ញ៉ែម ស៊ឺ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី២ ឈ្មោះ ព្រំ ភក្ដី អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ននាក់ទាំង២ត្រូវបានបញ្ជូន បន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមច្បាប់ហើយ៕