(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) រៀបចំសិក្ខាសាលា ស្តីពីទម្រង់បែបបទ និងនីតិវិធីនៃការចុះឈ្មោះ និងកាតព្វកិច្ចបង់ភាគទាន ប.ស.ស។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ នៅសាលប្រជុំ FORTUNE LIFE INSURANCE ដោយវត្តមានអញ្ជើញចូលរួមធ្វើបទបង្ហាញពីមន្រ្តីជំនាញលោក សាមុត វីរៈ អនុប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃបេឡាជាតិរបបសន្តិសុខសង្គមផ្សព្វផ្សាយពីកាតព្វកិច្ចចាំបាច់របស់រោងចក្រ សហគ្រាស ក្នុងការអនុវត្តការចុះបញ្ជី ការបង់ភាគទានផ្សេងៗលើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ព្រមទាំងកាតព្វកិច្ចរួមចំណែករបស់បេឡាជាតិរបបសន្តិសុខសង្គម ទៅក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់ និងគាំពារសុខាមាលភាព សុវត្ថិភាពរបស់កម្មករនិយោជិត។
សមាជិក សមាជិកាមកពីសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ចំនួនជាង ៤០នាក់ បានចូលរួមដោយផ្ទាល់នៅសាលប្រជុំ FORTUNE LIFE INSURANCE និងចំនួនជាង ៨០នាក់បានចូលរួមតាមប្រព័ន្ឋអនឡាញ៕