(រតនគិរី)៖ មន្ត្រីអាវុធហត្ថខេត្តរតនគិរី សហការជាមួយអាជ្ញាធរស្រុកកូនមុំ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅវិទ្យាល័យត្រពាំងក្រហមស្រុកកូនមុំ។

កម្មវិធីនេះចូលរួមជាគណៈធិបតីដោយលោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តរតនគិរី លោក មែ វាសនា អភិបាលរងស្រុកកូនមុំ តំណាងអធិការស្រុកកូនមុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

លោក មែ វាសនា បានកោតសរសើរមន្ត្រីជំនាញអាវុធហត្ថខេត្តរតនគិរី សហការជាមួយអាជ្ញាធរស្រុកកូនមុំរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី លោកគ្រូ អ្នកគ្រូព្រមទាំង សិស្សានុសិស្ស ចំណាយពេលវេលាដ៏មមាញឹកចូលរួមកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងឱឡារិក។

លោក មែ វាសនា បន្តថា គ្រឿងញឿនបានជះឥទ្ធិពលដល់សង្គមជាតិយ៉ាងខ្លាំង ដែលបង្កបញ្ហាស្មុគស្មាញអសន្តិសុខសង្គម និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដូច្នេះទើបរាជរដ្ឋាភិបាលដាក់ចេញនូវផែនការ និងប្តេជ្ញាចិត្ត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនមានលក្ខណៈទ្រង់ទ្រាយធំ ក្នុងការបង្ក្រាបទប់ស្កាត់ និងឈានដល់ការលុបបំបាត់ការចរាចរជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ឯក កង សារ៉េត លើកឡើងថា ការផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺក្នុងគោលបំណងឲ្យយល់ដឹងផលប៉ះពាល់គ្រឿងញៀន ជូនដល់សិស្សានុសិស្សឲ្យបានជ្រួលជ្រាបពីឥទ្ធិពលគ្រឿងញៀន ព្រោះវាបង្កផលប៉ះពាល់ដល់សុខភាពសង្គម និងដើម្បីបញ្ជៀសនៃការប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គមទូទៅផងដែរ៕