(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយនឹងសហការី បានទទួលជួបសវនាការ ជាមួយលោកស្រី ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីក្រសួងព័ត៌មាន ដែលបានដឹកនាំគណៈប្រតិភូ នាំយកអំណោយអាហារវីតាមីនចំនួន២០០កេស ស្មើនឹង ៧,២០០កញ្ចប់ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាគមនារី នៃក្រសួងព័ត៌មាន ដែលបាននាំយកអំណោយ អាហារវីតាមីនឧបត្ថម្ភពីអង្គការ Kidship United សហរដ្ឋអាមេរិក តាមរយៈអង្គការកុមារកម្ពុជាជំនាន់ថ្មី ដែលមាន លោក ពេក្រុស អ៊ួនឆៃវរ៉ា ជាប្រធាន។ ចំពោះអំណោយទាំងអស់នេះ កាកបាទក្រហមកម្ពុជា នឹងយកទៅចាត់ចែងចែក ជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ជាពិសេសកុមារកំព្រា កុមារពិការ និងចាស់ជរាឥតទីពឹង ដែលរស់នៅតាមជនបទដាច់ស្រយាល ដែលត្រូវការអាហារបំប៉នជាចាំបាច់នេះ។
ជាមួយគ្នានោះ លោកស្រី ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានជម្រាបជូនអំពីសកម្មភាព របស់សមាគមនារីក្រសួងព័ត៌មានរយៈពេលកន្លងមកដូចជា ការចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅតាមសាលារៀន និងផ្តល់អាហារវីតាមីន ដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ល។ ជាពិសេស គណៈប្រតិភូក្រសួងព័ត៌មាន បានថ្លែងអំណរគុណ និងសំដែងនូវក្តីរីករាយ ដោយទទួលបានការអនុញ្ញាត ឲ្យនាំយកអំណោយ មកប្រគល់ជូននៅថ្ងៃនេះ ដែលនេះជាកាយវិការមួយ ក្នុងការចូលរួមចំណេកសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ៕