(កំពង់ឆ្នាំង)៖ សមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា CIDA និង សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អ.ម.ត ខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលើប្រធានបទស្ដីពី «ការជំរុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់» នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនៃលោក ជីវ សុងហាក់ រដ្ឋលេខាធិការ នៃក្រសួងយុត្ដិធម៌, លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាទីប្រឹក្សានៃសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍, លោកស្រី សេង វួចហ៊ុន ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង និង ជាប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ (CIDA) និងលោក យ៉ង ភិរម្យ ជាអភិបាលរង និងជាតំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ដកំពង់ឆ្នាំង។

វាគ្មិនធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះមាន ចំនួន ០៣រូប គឺលោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្ដកំពង់ឆ្នាំង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ព្រមទាំង លោក ម៉ុង មុន្នីសោភា ចៅក្រម នៃសាលាឧទ្ធរណ៍បាត់ដំបង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង។

សិក្ខាសាលាកាមចំនួន ៤០០នាក់ ដែលមានសមាសភាពមកពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ សមាគមកសិកម្ម សមាគមម៉ាស៉ីនកិនស្រូវ ដែលនៅចំណុះឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, សមាគមទេសចរដែលនៅចំណុះឲ្យមន្ទីរទេសចរណ៍ ព្រមទាំង សិស្សនិស្សិតមកពីវិទ្យាល័យ និង មហាវិទ្យាល័យសំខាន់នានារបស់ខេត្តដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធ ដល់អ្នកចូលរួម និង សាធារណជន ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍ និងការវិនិយោគលើវិស័យកសិកម្មដែលជាវិស័យអាទិភាពសម្រាប់ខេត្តកំពង់ឆ្នាំង ស្របតាមល្បឿន និង គោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ៕