(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០២៣នេះ បានអនុញ្ញាតិឲ្យប្រតិភូក្រុមការងារបច្ចេកទេស សាលាបណ្ឌិតសភា នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោកវរសេនីយ៍ឯកពិសេស សាន ជនជីន (SHAN JUNJIN) នាយករងសាលាបណ្ឌិតសភា កងទ័ពជើងគោក កាំភ្លើងធំ និងការពារអាកាស នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូក្រុមការងារបច្ចេកទេសនេះអញ្ជើញមកបំពេញបេសកកម្មការងារនៅកម្ពុជា។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូ មកកាន់ប្រទេសកម្ពុជា នាលើកនេះ។

នាយសេនាធិការចម្រុះ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ថាពិតជាបានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតលើកិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយ និងជាមិត្តដែលថែប រវាងកងទ័ពទាំងពីរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសំដែងនូវអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតីសម្ភារៈ កងយោធពលខេមរភូមិន្ទ លើគ្រប់ផ្នែក ជាពិសេសបានជួយកសាង និងជួយទំនប់បម្រុងលើការងារបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានលក្ខណៈទំនើប សម្រាប់កម្ពុជានិងក្នុងតំបន់ តាំងតែពីសាលានេះទើបចាប់ផ្ដើមកសាងតាំងពីបាតដៃទទេ រហូតក្លាយជាវិទ្យាស្ថានមួយដែលអាចបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរៈភូមិន្ទកាន់តែមានលក្ខណៈទំនើប ហើយប្រកបដោយគុណភាពខ្ពស់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកការជួយកសាងវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរៈភូមិន្ទ ពីសំណាក់កងទ័ពរំដោះប្រជាជនចិន គឺជានិមិត្តរូបមួយ នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពប្រទេសយើងទាំងពីរ ដែលជារៀងរាល់ឆ្នាំ ភាគីកងទ័ពយើងទាំងពីរតែងតែបានចាត់បញ្ជូនក្រុមការងារបច្ចេកទេសផ្លាស់ប្ដូរទស្សនកិច្ច ដកពិសោធន៍ការងារ ពីគ្នាទៅវិញទៅមកដើម្បីជួយជំរុញឱ្យវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទមួយនេះ ដំណើរការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យការពារជាតិ របស់កម្ពុជា កាន់តែមានគុណភាព។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពប្រទេសយើងទាំងពីរកម្ពុជា-ចិន បានបញ្ចប់ការធ្វើសមយុទ្ធរួមគ្នា នៅពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងតំបន់ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង ដែលគិតមកដល់ពេលនេះ គឺជាសមយុទ្ធរួមគ្នា កម្ពុជា-ចិន លើកលើកទី៥ ហើយសម្រាប់ឆ្នាំ២០២៣។ ដែលទំហំនៃការធ្វើសមយុទ្ធ រាល់លើករវាងកងទ័ពយើងទាំងពីរកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់។ ហើយយើងក៏បានឯកភាពគ្នាថា នឹងរៀបចំធ្វើសមយុទ្ធរួមគ្នាមួយទៀត នាអំឡុងពេលពាក់កណ្ដាលឆ្នាំ២០២៣នេះ ដែលមានឈ្មោះថា សមយុទ្ធរួមគ្នាលើការងារសុខាភិបាល «ទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន»។

ជាការឆ្លើយតបលោកវីរសេនីយ៍ឯកពិសេស សាន ជនជីន ( Shan Junjin) ក៏បានសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចំពោះការចំណាយពេលវេលា ទទួលស្វាគមន៍ និងអនុញ្ញាតឲ្យក្រុមការងាររបស់លោកបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកវីរសេនីយ៍ឯកពិសេស សាន ជនជីន (Shan Junjin) បានជម្រាបជូននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថា ក្រុមការងាររបស់លោកមកកាន់កម្ពុជាលើកនេះ ចំពេលដែលកម្ពុជាទើបតែបញ្ចប់ការរៀបចំការប្រកួតកីឡាអាស៊ានហ្គេម លើកទី ៣២ និងបញ្ចប់ការប្រកួតកីឡាជនពិការអូឡាំពិកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះនៃកីឡាទាំងពីរប្រចាំឆ្នាំ២០២៣។

លោកវរសេនីយ៍ឯកពិសេស សាន ជនជីន ក៏បានជម្រាបជូននាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទថា ឆ្នាំនេះគឺជាឆ្នាំខួប៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពរវាងចិន និងកម្ពុជាផងដែរ។

លោក សាន ជនជីន បានបញ្ជាក់ទៀតថា នាខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងផ្លូវរដ្ឋ ជាលក្ខណៈមិត្តភាព នៅប្រទេសចិន។ ដែលតាមរយៈនៃដំណើរទស្សនកិច្ចនេះរបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសចិននេះ បានធ្វើឲ្យទំនាក់ទំនងរវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ ចិន-កម្ពុជា ឈានចូលទៅក្នុងយុគ្គសម័យថ្មី និងក្នុងដំណាក់កាលថ្មី។

លោក សាន បានបន្ថែមទៀតថា វិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅក្នុងតំបន់ភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ គឺជានិមិត្តរូប នៃការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព នៃកងទ័ពប្រទេសយើងទាំងពីរ។

លោក សាន ក៏បានជំរាបជូននាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អំពីគោលបំណងរបស់ប្រតិភូក្រុមការងារបច្ចេកទេស សាលាបណ្ឌិតសភាទ័ពជើងគោក របស់កងទ័ពរំដោះប្រជាជនចិនមកកាន់កម្ពុជាលើកនេះ គឺដើម្បីពិនិត្យមើលកិច្ចដំណើរការកសាងបន្ថែម និងការងារមួយចំនួនដែលពាក់ព័ន្ធទៅដល់ការងារបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទ ថាតើការបំពេញបន្ថែមវាគ្រប់គ្រាន់ទៅតាមសេចក្តីត្រូវការ ឬក៏នៅមានចំណុចខ្វះខាតលើប្រការណាមួយដ៏កិច្ចដំណើរការហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទនៅក្នុងវិទ្យាស្ថានទ័ពជើងគោក។ពីព្រោះថានៅពេលខាងមុខនេះកងទ័ពរំដោះប្រជាជនចិន និងផ្ដល់ការកសាងនៅអាគារសិក្សាថ្មី ដល់វិទ្យាស្ថាននេះ ដែលស្ថិតនៅលើគម្រោងកំពុងកសាងក្នុងដំណាក់កាលកសាងចុងក្រោយ។

លោកបានបន្ថែមទៀតថា តាមការកំណត់របស់ថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន និងកំណត់ថានៅខែតុលា ខាងមុខនេះនឹងបញ្ចប់គម្រោងសាងសង់។

លោក សាន ក៏បានជម្រាបជូននាយសេនាធិការចម្រុះ ដែលថា ក្នុងដំណើរបំពេញបេសកកម្មនេះដែរក្រុមការងារបច្ចេកទេសនៃសាលាបណ្ឌិតសភា ទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ក៏នឹងពិនិត្យរៀបចំផងដែរ អំពីវិធានការ ការពារ ថែរក្សា រាល់អាគារ គ្រឿងបំពាក់ និងសមិទ្ធផលទាំងឡាយ ដែលសាងសង់ នឹងបានផ្ដល់ឱ្យរួចរាល់ ក្នុងវិទ្យាស្ថានទ័ពជើងគោក ថាត្រូវមានវិធានការយ៉ាងណា ដើម្បីថែរក្សា ការពារ រាល់សមិទ្ធិផលទាំងអស់នោះ សម្រាប់ការប្រើប្រាស់ជំនួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិទ្យាស្ថាននេះ ឲ្យធានាបានការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយគុណភាព ហើយក្លាយជាវិទ្យាស្ថានមួយ មានលក្ខណៈទំនើបកម្មនៅក្នុងតំបន់ ក្លាយជាគំរូ នៃកិច្ចសហប្រតិបត្តិការទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ក្នុងទំនាក់ទំនងប្រវត្តិសាស្រ្តចិន-កម្ពុជា។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងនូវអំណរគុណ
ជាថ្មីម្ដងទៀតដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភទំនប់បម្រុងគ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជា ឲ្យកាន់តែមានធនធានមនុស្សប្រកបដោយគុណភាព ដើម្បីធានា ដល់កិច្ចការពារ សុខសន្តិភាព សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែជិតស្និទ្ធនិងរឹងមាំ។ ហើយក៏ជូនពរឲ្យដំណើរបំពេញបេសកកម្មការងាររបស់ប្រតិភូ នៅលើទឹកដីកម្ពុជាប្រកបដោយជោគជ័យ និងសុខសុវត្ថិភាព៕