(កំពង់ធំ)៖ តាមសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ នៅឃុំរុងរឿង ស្រុកស្ទោង ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបុទុម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺតែងតែមានក្រុមការងាររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជួយដោះស្រាយនូវរាល់ការលំបាកទាំងនោះជូនប្រជាជនយើង ដោយមិនទុកឲ្យប្រជាជនណាខ្វះអាហារបរិភោគនោះឡើយ។ ជាក់ស្ដែងថ្ងៃនេះក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោង បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួ២០គ្រួសារ នៅក្នុងមូលដ្ឋានដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន ផងដែរ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បី ដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត។
នៅក្នុងឱកាសនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ពិសេសគណបក្សណាដែលថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ៕