(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ការប្រារព្ធរុក្ខទិវា ៩ កក្កដា ដើម្បីរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាឲ្យបានយល់ច្បាស់អំពីគុណសម្បត្តិ នៃការដាំដើមឈើ ដែលផ្តល់ជាប្រយោជន៍សម្រាប់មនុស្សសត្វយ៉ាងច្រើន។

ការថ្លែងលើកឡើងបែបនេះ របស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងពិធីរុក្ខទិវា៩ កក្កដា​ ឆ្នាំ២០២៣​ តាមដងផ្លូវលំក្រាលខ្សាច់ភ្នំ​ ស្ថិតនៅភូមិតាជៃ​ និងភូមិវាល្ងើត​ ឃុំកំពង់ចំឡង​ ស្រុក​ស្វាយជ្រំ​ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ ព្រះសង្ឃ នឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ 

​លោកអភិបាលខេត្តបាន ថ្លែងបន្តថា​ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ និង ឆ្នាំ២០២១ ដែលប្រទេសជាតិយើងខកខានមិនបានរៀបចំពិធីរុក្ខទិវា​ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ គឺព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៃយើង ទ្រង់តែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវានេះនៅតាមបណ្ដាខេត្ត​ ហើយនៅក្នុងឆ្នាំនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតក្នុងពិធីបុណ្យរុក្ខទិវានេះ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

លោកបានបន្ថែមថា​ ដើម្បីជាការចូលរួមអបអរសាទរឲ្យបានកាន់តែផុលផុស និងអធិកអធម នៅឆ្នាំ២០២៣នេះ ក៏ជាលើកទី៣២ហើយ ដែលខេត្តស្វាយរៀងយើង បានចាត់តាំងរៀបចំប្រារព្ធពិធីនេះឡើង​ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្ដិព្រៃឈើ និងបណ្តុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ​ ក៏ដូចជាដើម្បីរំលឹកដល់ស្នាដៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកទឹកព្រះទ័យទុកដាក់ក្នុងចលនាដាំដើមឈើ សម្រាប់ជាប្រយោជន៍ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពីគុណសម្បត្តិ នៃការដាំដើមឈើ និងនាំគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែងដែលមានដីទំនេរ ជាពិសេសនៅតាមតំបន់ និងទីតាំងដែលមានការអភិវឌ្ឍ និងរៀបចំថ្មី ដូចដែលយើងទាំងអស់គ្នាកំពុងប្រារព្ធធ្វើនៅទីនេះ។

លោកបានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃការដាំដើមឈើគឺទាក់ទាញនូវទឹកភ្លៀង ស្រូបយកឧស្ម័នកាបូនិច និងបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាស ហើយក៏ជាជម្រកសម្រាប់សត្វព្រៃទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជារបាំងការពារព្យុះភ្លៀង និងគ្រោះធម្មជាតិនានាផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានឧបត្ថម្ភដល់ការជួសជុលសាលារៀនរួមមាន សាលាបឋមសិក្សាតាជៃ​ ស្ថិតនៅភូមិតាជៃ ១៤,៤៥០,០០០ រៀល​។ សាលាបឋមសិក្សាជិស្សារារ័ង្សី​ ស្ថិតនៅភូមិជៀសឬស្សី​ ចំនួន​ ១៦,៤០០,០០០រៀល ព្រមទាំងបានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមផងដែរ៕