(សៀមរាប)៖ ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជនក្នុងយុគសម័យទំនើបនៃសាកលភាវូបនីយកម្ម សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ទយុវជនអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពី «ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន» នៅសាលមហោស្រពអង្គរ កូអ៊ិច (Angkor Coex) ខេត្តសៀមរាប។

សិក្ខាសាលានេះដែរ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លោក ពិន ប្រាដក អភិបាលរងខេត្ត ស្ថាប័នពាក់ពន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ស៊ាន បូរ៉ាត បានលើកឡើងថា ក្នុងនាមដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ពិតជាអរគុណ និងថ្លែងនូវការកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃសមាគមលើកកម្ពស់ពលករនិងអតីតពលករ ដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៃសាធារណរដ្ឋក៉រ៉េ ប្រចាំនៅកម្ពុជា ដែលបានសហការគ្នារៀបចំសិក្ខាសាលាអប់រំចិត្តស្ដីពី «ការកសាងសមត្ថភាពនិងភាពជាអ្នកដឹកនាំដល់យុវជន» ប្រកបដោយភាពជោគជ័យ

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា សិក្ខាសាលាដ៏មានសារសំខាន់នេះ ពិតជាបានចូលរួមចំណែកយ៉ាងផុលផុសក្នុងការលើកកម្ពស់ចំណេះដឹងដ៏ទូលំទូលាយដល់យុវជនយើងស្របតាមគោលមាគ៌ា នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងគុណធម៌ដ៏ថ្លៃថ្លាបំផុត៕