(កំពង់ឆ្នាំង)៖ ជារៀងរាល់រដូវវស្សាដោយចាប់ពីខែនេះ ទៅរហូតដល់ទឹកឡើងលិចខ្នងកោះ ទើបប្រជាពលរដ្ឋរស់នៅតាមដងទន្លេ អាចធ្វើដំណើរតាមទូកកាណូតបានស្រួល ដោយសារបច្ចុប្បន្ននេះ ការធ្វើដំណើរតាមផ្លូវទឹក គឺកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារមានកំប្លោកអណ្ដែតពាសពេញព្រែក និងទន្លេ ដែលមិនអាចធ្វើដំណើរចេញចូលបានងាយស្រួល និងលឿនរហ័សដូចនៅក្នុងរដូវប្រាំងនោះឡើយ។

ពលរដ្ឋអ្នករស់នៅតាមដងទន្លេបានឱ្យដឹងថា អ្នករស់នៅតាមដងទន្លេភាគច្រើនត្រូវការប្រើប្រាស់ទូកកាណូតជាមធ្យោបាយ ក្នុងការធ្វើដំណើរទៅស្រែចំការ ឬដឹកកសិផលផ្សេងៗពីចម្ការមកកាន់លំនៅដ្ឋាន ឬក៏ដឹកទៅកាន់ទីផ្សារ តែពេលនេះកំពុងជួបការលំបាក ម្យ៉ាងត្រូវចំណាយប្រេងច្រើនជាងការធ្វើចរាចរណ៍លើផ្ទៃទឹកធម្មតា ដែលមិនមានកំប៉ោង ព្រោះការបើកបរឆ្លងកាត់កំប៉ោងក្រាស់ដូច្នេះត្រូវបង្ខំកម្លាំងម៉ាស៊ីនឲ្យខ្លាំង ទើបឆ្លងកាត់កំប៉ោងបាន បើមិ នដូច្នោះទេ ទូកឬកាណូតនឹងមិនអាចទៅមុខរួចនោះឡើយ។

ប្រជាពលរដ្ឋរស់នៅតាមខ្នងព្រែកតូចៗ និងតាមដៃទន្លេក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅរដូវទឹកឡើងនេះនៅតាមព្រែកតូចៗកំប៉ោងបានហូរចូលព្រែកយ៉ាងក្រាសគឺអ្ន កមានកាណូតតូចៗមិនអាចបើកបរបានឡើយ ដោយត្រូវរង់ចាំពេលមានខ្យល់បោកបក់កំប៉ោងអណ្តែតចេញទៅចូលទន្លេទើបអាចបើកកាណូតតូចៗចេញចូលបាន ឬក៏ទាល់តែទឹកទន្លេឡើងខ្ពស់លិចខ្នងកោះ ទើបកំប្លោកទាំងអស់នេះអណ្ដែតចេញទៅតាមវាលធំៗ។

ពាក់ព័ន្ធនឹងការធ្វើដំណើរឆ្លងកាត់កំប៉ោងខាងលើនេះ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបានធ្វើដំណើរតាមសាឡាងឆ្លងទន្លេឆ្ពោះទៅកាន់ឃុំពាមឆ្កោក ស្រុកជល់គីរី ដោយឆ្លងសាឡាងមានប្រវែងត្រឹ មប្រមាណតែ៥០០ម៉ែត្រ គឺសាឡាងធ្វើចរាចរណ៍ចំណាយពេលប្រមាណជិត ១ម៉ោងទើបឆ្លងដល់ទិសដៅត្រើយម្ខាង។

ម្ចាស់សាឡាងបានឲ្យដឹងថា ការឆ្លងទន្លេពេលនេះគឺលឿនហើយ ប្រសិនបើសាឡាងដឹករថយឬគ្រឿងចក្រធ្ងន់វិញ ការឆ្លងទន្លេពាមឆ្កោកកាត់កំប៉ោងក្រាស់នេះគឺជាងមួយម៉ោងឯណោះ ហើយអស់ប្រេងពី៤លីត្រទៅ៦លីត្រ ទើបឆ្លងរួច។

ពាក់ព័ន្ធនឹងរុក្ខជាតិកំប៉ោងនេះ លោកអភិបាលខេត្តកំពង់ឆ្នាំង កន្លងមកក៏តែងធ្លាប់បានប្រាប់ថា កំប៉ោងនេះគេអាចកែច្នៃផលិតយកធ្វើជាមេតាណុល និងស្រាកំប្លោកបាន ដោយក្រុមការងាររបស់រដ្ឋបាលខេត្តបានទៅទស្សន កិច្ចសិក្សាបច្ចេកទេសនេះនៅប្រទេសជប៉ុន ហើយក៏បានទំនាក់ទំនងជាមួយក្រុមបច្ចេកទេសប្រទេសជប៉ុនផងដែរ ដើម្បីអភិវឌ្ឍន៍គម្រោងនេះនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង៕