(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹមឆៃលី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ជាង ៨,០០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម និងលោក ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកជើងព្រៃ និង ក្រុមការងារអមដំណើរជាច្រើននាក់ទៀត។

លោក យឹម ឆៃលី បានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ គឺពោរពេញទៅដោយក្តី រីករាយ និងក្តីសង្ឃឹម ព្រោះថាការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ ដោយមានអ្នកពាក់ម៉ាស់តិចតួចប៉ុណ្ណោះ និងក្តីសង្ឃឹមមួយទៀត គឺយើងទាំងអស់គ្នា និងឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ។

លោក យឹម ឆៃលី បានបន្តថា ការជួបជុំនាពេលនេះ ក្នុងគោលបំណង ចង់ឲ្យថ្នាក់ដឹកនាំបក្សប្រជាជនគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រធាន-អនុប្រធានក្រុម ជ្រួតជ្រាបឲ្យបានច្បាស់ នៃការកំណត់គោល នយោបាយរបស់បក្ស និងផែនការសកម្មភាពរបស់គណបក្សប្រជាជនខេត្តកំពង់ចាម ដែលដំណើរកាបានរជោគជ័យល្អប្រសើរ រួចហើយ និងបន្តដំណើរការជោគជ័យនេះបន្តទៅទៀត តាមរយៈវេទិកាសាធារណៈ ដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋរបស់យើង ក្នុងខេត្តកំពង់ចាម។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានរំពឹងទុកថា សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកជើងព្រៃទាំងអស់ពិតជាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទទួលបានជោគជ័យ ទៅតាមការគ្រោងទុក៕