(កំពង់ស្ពឺ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារនៅក្នុងក្រុងច្បារមន និងស្រុកភ្នំស្រួច កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។

លោក វ៉ី សំណាង បានរំលឹកថា នាសម័យខ្មែរក្រហម ប្រជាពលរដ្ឋគ្មានឱកាសក្នុងការរកស៊ីទទួលទានធ្វើឱ្យជីវភាពក្រីក្រយ៉ាងខ្លាំង។ តែក្រោមការនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ​ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពផ្នែកនយោបាយពេញលេញជូនប្រទេសជាតិ បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ ផ្តើមចេញពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនេះដែរ ក៏បានធ្វើឱ្យអ្នកវិនិយោគធំៗនៅបណ្តាប្រទេសមួយចំនួន បានមកបណ្តាក់ទុនរកស៊ីដោយទំនុកចិត្ត និងជឿជាក់លើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាសចំនួន ៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន៥ពាន់នាក់ វិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់ ។ ចំណូលជាមធ្យម ៤០លានដុល្លារ ក្នុងមួយខែ និង៤៨១លានដុល្លារក្នុងមួយឆ្នាំ។

លោកថា ផ្ដើមចេញពីការងារ និងប្រាក់ចំណូលនេះ បានធ្វើឱ្យជីវភាពរបស់បងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តមានភាពធូរធាសម្បូរសប្បាយ ហើយខេត្តក៏លែងទទួលការមាក់ងាយដូចមុន បានក្លាយទៅជាខេត្តស៊ីវិល័យ ស្មើមុខស្មើមាត់ ថែមទាំងរីកចម្រើនផងដែរ។ ដូច្នេះដើម្បីឱ្យប្រទេសជាតិ និងខេត្តកំពង់ស្ពឺកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ សម្បូរសប្បាយរុងរឿងជាងនេះបន្តទៀត សូមបងប្អូនចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណាដែលបងប្អូនគិតថាបានរួមសុខរួមទុក្ខ និងអាចដឹកនាំប្រទេសឱ្យរីកចម្រើនបន្តទៀតឱ្យបានគ្រប់ៗគ្នា៕