(ព្រៃវែង)៖ អគារសិក្សា២ខ្នង ស្មើ២៤បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ពានរោង ដែលក្នុងនោះមួយខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមួយខ្នងទៀត ជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង ត្រូវបានបញ្ចុះបឋមសិក្សាសាងសង់ជាផ្លូវការ។
ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងកញ្ច្រៀច និងជាប្រធានក្រុមការងារចល័តទាំងពីរស្រុក តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន និងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពានរោងជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជូនអង្គពិធីទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ផ្ដើមចេញពីការគិតគូរ និងពិនិត្យឃើញថា វិទ្យាល័យ ហ៊ុន សែន ពានរោង មានកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យកង្ខះខាតអគារសិក្សា ទាំងអស់នេះហើយទើបថ្នាក់ដឹកនាំសម្រេចផ្ដល់ជូនជាអំណោយអគារសិក្សាចំនួន ២ខ្នងបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនូវធនធានមនុស្សបម្រើឲ្យផលប្រយោជន៍ជាតិ។
លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកើតមានឡើងជាបន្ដបន្ទាប់នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានឃុំពានរោង ក៏ដូចជានៅស្រុកស្វាយអន្ទរនេះតែម្ដង ក្នុងនោះមានទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល វិស័យអប់រំ និងវិស័យសុខាភិបាលជាច្រើន។ សមិទ្ធផលជាច្រើនទៀត នឹងកើតឡើងជាបន្ដបន្ទាប់ក្រោមម្លប់នៃសុខសន្ដិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក្នុងនោះ ជូនសាលាស្រុកស្វាយអន្ទរ ចំនួន ១លានរៀល, ការិយាល័យអប់រំស្រុក ចំនួន ១លានរៀល, គណៈកម្មការទ្រទ្រង់សាលា នាយក លោកគ្រូ អ្នកគ្រូ ចំនួន ១លាន ៥០ម៉ឺនរៀល, អាជ្ញាធរ ភូមិ ឃុំ ចំនួន ៥០ម៉ឺនរៀល, ប៉ុស្ដិ៍នគរបាលរដ្ឋបាលពានរោង ចំនួន ៥០ម៉ឺនរៀល, សិស្សានុសិស្សចំនួន ១៥០នាក់ ម្នាក់ ១ម៉ឺនរៀល, ក្រុមជាងចំនួន ៣០នាក់ ម្នាក់ ២ម៉ឺនរៀល និងចំណាយការរៀបចំពិធីចំនួន ៥លានរៀល សរុបអស់ថវិកាចំនួន ១១,៦០០,០០០រៀល។
បន្ទាប់មកនៅព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឃុំចុងអំពិល ក៏បានអញ្ជើញចុះពិនិត្យការសាងសង់អគារសិក្សាមួយខ្នងទៀត ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅសាលាបឋមសិក្សា នេត សាវឿន មានជ័យ ស្ថិតក្នុងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែងផងដែរ៕