(ញូដេលី)៖ យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា (IAF) មួយគ្រឿងបានបាត់ដំណឹងនៅមុននេះបន្តិច ជាមួយនឹង មនុស្ស ២៩នាក់ នៅតំបន់ជ្រោយសមុទ្រ Bengal ដែលយោធាបានសង្ស័យថា បណ្តាលមកពីអាកាសធាតុអាក្រក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ ២០១៦។
យន្តហោះខាងលើនេះមានលេខសម្គាល់ AN-32 បានចាកចេញពីព្រលាន Tambaram នៃទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា សំដៅទៅទីក្រុង Port Blair នៃរដ្ឋ Andaman និងប្រជុំកោះ Nicobar ស្ថិតនៅភាគ អាគ្នេយ៍នៃជ្រោយសមុទ្រ Bengal ហើយក៏បានបាត់ដំណឹងកាលពីវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងនៅទីក្រុង ញូដេលី។
យន្តហោះត្រូវបានគេរំពឹងថានឹងទៅដល់គោលដៅនៅម៉ោង ១១៖៣០នាទី ប៉ុន្តែពេលនេះដំណឹងអ្វីក៏គ្មាន។
រហូតមកដល់ពេលនេះ កងទ័ពអាកាស និងឆ្មាំការពារដែនសមុទ្រឥណ្ឌា កំពុងបំពេញប្រតិបត្តិការតាមរកនៅឡើយ៕