(កែប)៖ លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយ ចែកជូនបងប្អូន ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលជួបការលំបាក ខ្វះខាតក្នុងជីវភាពគ្រួសារ។ ពិធីសំណេះសំណាលខាងលើនេះ បានប្រព្រឹត្តធ្វើឡើង នៅក្នងបរិវេណសាលាបឋមសិក្សាកែវក្រសាំង ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប។
នាឱកាសសំណេះសំណាលនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់ពុកម៉ែ បង ប្អូន ពូ មីង ជាទីស្រឡាញ់។
លោកអភិបាលខេត្ត បានក្រើនរំលឹក ពីការបង្ការជំងឺកូវីដ១៩ និងចាក់វ៉ាក់សាំងបន្តអោយបានគ្រប់ដូស និងការធ្វើអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា ចៀសវាងបង្ករការគ្រោះថ្នាក់ ជាពិសេសនោះ យើងជិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ហើយដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាផងដែរ៕